FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-អូស្ត្រាលី បង្ហាញឆន្ទៈរួមគ្នាក្នុងការផ្លាស់ប្តូរចំណេះដឹង និងកសាងសមត្ថភាព រវាងមន្ត្រីជំនាញនៃស្ថាប័នទាំងពីរលើវិស័យពន្ធដារ

11-09-2026 09:49

(សិង្ហបុរី)៖ ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៥ នៃក្រុមសិក្សានិងស្រាវជ្រាវនៃរដ្ឋបាលសារពើពន្ធនៃបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក (SGATAR) ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ទទួលជំនួបពិភាក្សាការងារទ្វេភាគី ជាមួយរដ្ឋបាលសារពើពន្ធនៃប្រទេសអូស្ត្រាលី (Australian Tax Office – ATO) ដឹកដោយលោក Rob Heferen អគ្គនាយកនៃរដ្ឋបាលសារពើពន្ធអូស្ត្រាលី និងក្រុមការងារ។

ក្នុងកិច្ចពិភាក្សាការងារទ្វេភាគីនេះ អគ្គនាយកដ្ឋានពន្ធដារនិងរដ្ឋបាលសារពើពន្ធអូស្ត្រាលីបានពិភាក្សានិងចែករំលែកពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្នែកពន្ធដាររវាងប្រទេសទាំងពីរ រួមទាំង ការកសាងសមត្ថភាព និងការបណ្តុះបណ្តាល។

ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍អំពីការងារផ្សេងៗពាក់ព័ន្ធនឹងពន្ធដារ ដូចជា​៖ ការលើកកម្ពស់ភាពអាចប៉ានប្រមាណបាន (Predictability), ការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារ, ការវាយតម្លៃនិងកំណត់ហានិភ័យ និងការប្រើប្រាស់គោលការណ៍កំណត់ស្ដង់ដារសម្រាប់អនុវត្ត (Benchmarking) ព្រមទាំងការណែនាំសម្រាប់អ្នកជាប់ពន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងការប្រមូលចំណូលពន្ធដារ។

ជាលទ្ធផលភាគីទាំងពីរបានបង្ហាញឆន្ទៈក្នុងការបន្តកិច្ចសហការក្នុងការផ្លាស់ប្តូរចំណេះដឹង និងកសាងសមត្ថភាព រវាងមន្ត្រីជំនាញនៃស្ថាប័នទាំងពីរ សំដៅពង្រឹងប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងតម្លាភាព នៃការប្រមូលចំណូល ព្រមទាំងពង្រឹងគុណភាពការផ្ដល់សេវា និងផ្ដល់ភាពងាយស្រួល​ជូនអ្នកជាប់ពន្ធក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ៕