ប្រតិភូអនុព័ន្ធយោធាកូរ៉េខាងត្បូង ស្វែងយល់ និងជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្តបាត់ដំបង
11-09-2026 07:27
(បាត់ដំបង)៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូអនុព័ន្ធយោធានៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ច និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្ត។
ពិធីទទួលប្រតិភូនេះ បានប្រព្រឹត្តទៅក្រោមវត្តមានមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ព្រមទាំងមេបញ្ជាការរង នាយសេនាធិការរងទាំងអស់ នាយលេខាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យចំណុះមន្ទីរទាំង៧ នាយការិយាល័យហិរញ្ញវត្ថុ នាយការិយាល័យអធិការកិច្ច ប្រធានអង្គភាពសន្តិសុខ និងប្រធានអង្គភាពនគរបាលយុត្តធម៌ មេបញ្ជាការកងអនុសេនាតូចការពារ នាយគិលានដ្ឋាន មេបញ្ជាការកងអនុសេនាធំកងរាជអាវុធហត្ថចល័តនិងសមាជិកទាំងអស់ នាយទាហានគ្រប់គ្រងសិក្ខាកាមវគ្គ៤៧ និងសិក្ខាកាមទាំងអស់ ព្រមទាំងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង១៤។
ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងកងយោធពលខេមរភូមិន្ទ ជាពិសេសកងរាជអាវុធហត្ថកម្ពុជា ជាមួយកងកម្លាំងយោធានៃសាធារណរដ្ឋកូរ៉េ។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍គ្នាទៅវិញទៅមក សំដៅលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងារក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់។
ដំណើរទស្សនកិច្ចរបស់ប្រតិភូអនុព័ន្ធយោធាកូរ៉េខាងត្បូងនាពេលនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕





























