វេជ្ជបណ្ឌិត ឱ វណ្ណឌីន ជំរុញឱ្យមណ្ឌលសុខភាព នៅខេត្តព្រះវិហារ ត្រូវពង្រឹងការស្រាវជ្រាវរកជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម ដល់ក្រុមគោលដៅ
10-09-2026 22:22
(ព្រះវិហារ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងជំរុញដល់មណ្ឌលសុខភាពត្រូវពង្រឹងការស្រាវជ្រាវរកជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម ដល់ក្រុមគោលដៅឱ្យបានគ្រប់ៗគ្នា ដើម្បីអាចរកឃើញជំងឺបានឆាប់ និងផ្តល់ការព្យាបាល ឬការគ្រប់គ្រងជំងឺបានទាន់ពេលវេលា។
លោកស្រី ឱ វណ្ណឌីន ថ្លែងដូចនេះនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសតំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការអមដំណើរដោយលោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងលោកវេជ្ជបណ្ឌិត យុន សោភ័ណតារា ប្រធានការិយាល័យស្រុកប្រតិបត្តិត្បែងមានជ័យ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត ចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពជាស៊ីម និងមណ្ឌលសុខភាពស្រអែម ខេត្តព្រះវិហារ ដើម្បីពង្រឹង និងលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន។
នៅក្នុងឱកាសនោះលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងផ្តល់អនុសាសន៍សំខាន់ៗជាច្រើន ដល់មណ្ឌលសុខភាពទាំងពីរ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារ និងគុណភាពនៃការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសណែនាំឱ្យមណ្ឌលសុខភាព ពង្រឹងការស្រាវជ្រាវរកជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ដល់ក្រុមគោលដៅឱ្យបានគ្រប់ៗគ្នា ដើម្បីអាចរកឃើញជំងឺបានឆាប់ និងផ្តល់ការព្យាបាល ឬការគ្រប់គ្រងជំងឺបានទាន់ពេលវេលា។
លោកស្រី ឱ វណ្ដឌីន ក៏បានថ្លែងណែនាំ ឱ្យមណ្ឌលសុខភាពរៀបចំផែនការកែលម្អសេវាមណ្ឌលសុខភាពប្រចាំឆ្នាំ (Master Plan) ផែនការអនុវត្តប្រចាំត្រីមាស និងផែនការកែលម្អគុណភាពសេវាប្រចាំឆមាស ព្រមទាំងរៀបចំឯកសារទុកដាក់ឱ្យបានត្រឹមត្រូវ និងមានប្រព័ន្ធ និងជំរុញឱ្យមានការពង្រឹងកិច្ចប្រជុំជាមួយបុគ្គលិកមណ្ឌលសុខភាពយ៉ាងតិច ២ដងក្នុងមួយខែ ដោយត្រូវមានរបាយការណ៍ និងបញ្ជីវត្តមានអ្នកចូលរួមឱ្យបានច្បាស់លាស់ ព្រមទាំងពង្រឹងកិច្ចប្រជុំ HCMC និង VHSGs ឱ្យបានជារៀងរាល់ខែ ឬយ៉ាងតិច២ខែម្តង។
បន្ថែមពីនេះលោកស្រី ឱ វណ្ណឌីន បានថ្លែងណែនាំឱ្យមានការកែលម្អបរិស្ថាន និងអនាម័យទាំងក្នុង និងក្រៅមណ្ឌលសុខភាពឱ្យបានល្អប្រសើរ ព្រមទាំងពង្រឹងការអនុវត្តប្រព័ន្ធ EMR ប្រព័ន្ធ PMRS និងប្រព័ន្ធទិន្នន័យឱសថសារវ័ន្តរបស់មណ្ឌលសុខភាព ឱ្យកាន់តែមានប្រសិទ្ធភាព និងត្រឹមត្រូវ។
ចំពោះក្រុមតេឡេក្រាម ដែលបានបង្កើតរួចរាល់ រួមមាន ក្រុមទ្រទ្រង់សុខភាពភូមិ ក្រុមស្ត្រីមានផ្ទៃពោះ និងក្រុមការងារជំងឺមិនឆ្លង ដូចជា ទឹកនោមផ្អែម និងលើសសម្ពាធឈាម លោកស្រីបានណែនាំឱ្យពង្រឹងការទំនាក់ទំនង និងការឆ្លើយតបឱ្យបានទាន់ពេលវេលា ជាពិសេសចំពោះក្រុមស្ត្រីមានផ្ទៃពោះ ធ្វើយ៉ាងណាឱ្យស្ត្រីដែលបានមកពិនិត្យផ្ទៃពោះទាំងអស់ ត្រូវបានបញ្ចូលទៅក្នុងក្រុមតេឡេក្រាមនេះ ដើម្បីអាចទំនាក់ទំនង តាមដាន និងផ្តល់ព័ត៌មានសុខភាពជូនពួកគាត់បានជាប្រចាំ និងទាន់ពេលវេលា។
ការចុះពិនិត្យ និងផ្តល់អនុសាសន៍របស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលនាពេលនេះ គឺជាផ្នែកមួយនៃការជំរុញការអនុវត្តការងារសុខាភិបាលនៅមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្តោតសំខាន់លើការលើកកម្ពស់គុណភាពសេវា ការថែទាំសុខភាពបង្ការ ការរកឃើញជំងឺឱ្យបានឆាប់ និងការឆ្លើយតបតាមតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ៕



















