លោកស្រីបណ្ឌិត ជា សិរី អបអរសាទរសមិទ្ធផលថ្មីៗ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
10-09-2026 21:25
(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីនៅ ក្នុងពិធីសំណេះសំណាល និងអបអរសាទរសមិទ្ធផលថ្មីៗក្នុងឃុំឈូក និងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ជាពិសេសស្ពានថ្មថ្មីឆ្លងកាត់ស្ទឹងសែន សម្រួលដល់ការធ្វើដំណើរ និងបង្កើតបរិយាកាសដល់ការរស់នៅ របស់ប្រជាពលរដ្ឋក្នុងតំបន់ទាំងនោះ។
ស្ពានថ្មថ្មីឆ្លងកាត់ស្ទឹងសែន តភ្ជាប់ឃុំឈូក និងឃុំស្រើង ដែលសមិទ្ធផលថ្មីៗនេះ និងចូលរួមចំណែកដ៏សំខាន់ សម្រាប់ធ្វើដំណើរ ការដឹក ជញ្ជូនកសិផល និងទំនិញផ្សេងៗជាដើម ដែលនេះជាការបង្កើតបរិយាកាសដល់ការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។
លោកស្រីបណ្ឌិតទេសាភិបាល បានលើកឡើងពីគុណូបការៈរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន។
ជាក់ស្តែងរាជរដ្ឋាភិបាល បានណែនាំឱ្យក្រសួងអភិវឌ្ឍន៍ជនបទ សាងសង់ស្ពានថ្មីនេះឡើង ដើម្បីតភ្ជាប់ឃុំទាំងពីរ គឺឃុំឈូក និងឃុំស្រើង អាចឱ្យប្រជពលរដ្ឋប្រើប្រាស់បានគ្រប់ពេលវេលា។
សូមបញ្ជាក់ថា ក្រៅពីស្ពានថ្មថ្មីនេះ ស្រុកប្រាសាទសំបូរ ក៏បានទទួលសមិទ្ធផលសាធារណៈជាច្រើនផ្សេងទៀត ដែលត្រូវបានសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់នាពេលកន្លងមកដូចជា ផ្លូវថ្នល់ អគារសិក្សា បណ្ណាល័យ និងបន្ទប់ទឹកជាដើម ដែលបានរួមចំណែក យ៉ាងសំខាន់ ពង្រឹងការអភិវឌ្ឍសហគមន៍ និងការកសាងធនធានមនុស្សសម្រាប់អនាគត៕










