FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខណ្ឌដូនពេញ ត្រូវបានទទួលស្គាល់ផ្លូវការ «ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី»

10-09-2026 20:57

(ភ្នំពេញ)៖ ក្រោយពីមានកិច្ចសហការយ៉ាងជិតស្និទ្ធ រៀបចំឡើងរវាងក្រសួងទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក អង្គការចលនាដើម្បីសុខភាពកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀត នៅពេលនេះបានសម្រេចប្រកាសទទួលស្គាល់ផ្លូវការ ខណ្ឌដូនពេញ «ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី»

ពីធីប្រកាសជាផ្លូវការខណ្ឌដូនពេញ ជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» នេះ បានធ្វើឡើងនារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ានណា ទ្រីយ៉ាស ប្រធានអង្គការសុខភាពពិភពលោកកម្ពុជា នៅសាលារាជធានីភ្នំពេញ។

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» គឺជាប្រសិទ្ធនាមដែលទទួលស្គាល់ជាផ្លូវការ ដោយក្រសួងទេសចរណ៍ ចំពោះក្រុង ស្រុក ឬខណ្ឌ ដែលមានការអនុវត្តគំរូ និងមានមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍អនុវត្តបានល្អ និងត្រឹមត្រូវតាមនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា ស្តីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ព្រមទាំងស្របតាមច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ គោលបំណងសំខាន់គឺដើម្បីរួមចំណែក កាត់បន្ថយផលប៉ះពាល់ពីផ្សែងបារី លើកកម្ពស់សុខភាព សុខុមាលភាព និងបង្កើតបរិយាកាសទេសចរណ៍ប្រកប ដោយសុវត្ថិភាព អនាម័យ និងភាពទាក់ទាញ សម្រាប់ប្រជាពលរដ្ឋ អ្នកបម្រើការងារ និងភ្ញៀវទេសចរ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ផ្លូវថ្មើរជើងចតុមុខ មានភ្ញៀវទេសចរមកដើរលេងកំសាន្តប្រមាណ ២០ម៉ឺននាក់នាចុងសប្តាហ៍ ដោយមានការយកចិត្តទុកដាក់ពីសុខមាលភាពប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសរើសយកផ្លូវថ្មើរជើងចតុមុខ ធ្វើជាតំបន់ គ្មានផ្សែងបារី គ្មានផលិតផលថ្នាំជក់។ កិច្ចការងារនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ រហូតធ្វើឱ្យខណ្ឌដូនពេញ ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារីយ៉ាងពិតប្រាកដ។ រដ្ឋបាលរាជធានីភ្នំពេញ និងបន្តជាទីក្រុងគ្មានផ្សែងបារី។ ដូច្នេះខណ្ឌសង្កាត់ត្រូវបន្តផ្សព្វផ្សាយពីផលប៉ះពាល់ ដែលបង្កឡើងពីផ្សែងបារី។

ក្នុងឱកាសនោះលោក ហួត ហាក់ បានថ្លែងអបអរសាទរ ក្នុងឱកាសដែរ ខណ្ឌដូនពេញ ត្រូវបានប្រកាសទទួលស្គាល់ «ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី»។ លោកថា ការងារនេះមិនចប់ប៉ុណ្ណឹងទេ យើងនឹងបន្តរៀនចំឱ្យមានតំបន់ផ្សេងទៀត ជាទីក្រុងគ្មានផ្សែងបារី។ សមិទ្ធផលនេះជាគំរូ ជាកម្លាំងចលករសម្រាប់ខណ្ឌផ្សេងទៀត បន្តរៀបចំមូលដ្ឋានរបស់ខ្លួនឱ្យក្លាយជាទីក្រុងគ្មានផ្សែងបារីបន្តទៀត។ រាជធាភ្នំពេញ គឺជាច្រកទ្វារទទួលភ្ញៀវទេសចរមកពីគ្រប់ទិសទី ហើយក្នុងនោះ ខណ្ឌដូនពេញ គឺជាតំបន់ទេសចរណ៍ ដែលមានរមណីយដ្ឋានទេសចរណ៍យ៉ាងច្រើន ដែលមានទាំងរមណីដ្ឋានវត្តភ្នំ ព្រះបរមរាជវាំង សារមន្ទីរជាតិ ក៏ដូចជាផ្លូវថ្មើរជើងចតុមុខជាដើម។

លោក ហួត ហាក់ បានបញ្ជាក់ទៀតថា សមិទ្ធផលនេះ ជាសមិទ្ធផលដែលកើតចេញពីកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងក្រសួងទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក អង្គការចលនា ដើម្បីសុខភាពកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ហើយជ័យលាភី «ខណ្ឌដូនពេញ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី» មិនគួរត្រូវបានចាត់ទុកត្រឹមតែជាការទទួលស្គាល់មួយប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរួម ដើម្បីបន្តរក្សា និងពង្រឹងបរិយាកាសទេសចរណ៍គ្មានផ្សែងបារី ប្រកបដោយសុវត្ថិភាព សុខភាព និងភាពទាក់ទាញ។

លោក ហួត ហាក់ បានបញ្ជាក់ទៀតថា ការឱ្យពិន្ទុរបស់ផ្លូវថ្មើរជើងចតុមុខ Chaktomok Walk street រាជធានីភ្នំពេញ បានចូលទៅក្នុងលំដាប់ដែលគេហៅថា លំដាប់លេខ២ ក្នុងចំណោមផ្លូវវ៉កស្ទ្រីត Walk street ទាំង១០ ដ៏ល្បីល្បាញនៅលើពិភពលោក ដោយសារទាំងទីតាំង ទាំងបរិស្ថាន ទាំងសោភ័ណភាព ទាំងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ហើយជាពិសេសទៅទៀត សម្រាប់ជាសក្ខីភាព នៃការចូលរួមអបអរសាទរ និងការទទួលស្គាល់ខណ្ឌដូនពេញ ជាទីក្រុងទេសចរណ៌ដែលគ្មានផ្សែងបារីផងដែរ។

ចំណែកលោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ានណា ទ្រីយ៉ាស ក៏បានថ្លែងដែរថា ខណ្ឌដូនពេញ គឺជាបេះដូងប្រវត្តិសាស្ត្រនៃរាជធានីភ្នំពេញ ជាទីកន្លែងដែលវប្បធម៌ ពាណិជ្ជកម្ម រដ្ឋាភិបាល សេវាកម្មបដិសណ្ឋារកិច្ច និងវិស័យទេសចរណ៍រួមបញ្ចូលគ្នា។ ទីនេះគឺជាកន្លែងដែលភ្ញៀវទេសចរជាច្រើនទទួលបានចំណាប់អារម្មណ៍ខ្ពស់បំផុត អំពីប្រទេសកម្ពុជា ហើយក៏ជាកន្លែងដែលប្រជាពលរដ្ឋអ្នកធ្វើការ និងភ្ញៀវទេសចររួមរស់ និងប្រើប្រាស់ផ្លូវថ្នល់ ផ្សារ ភោជនីយដ្ឋាន សណ្ឋាគារ និងទីសាធារណៈរួមគ្នា។

ខណ្ឌដូនពេញ កំពុងផ្ញើសារដ៏សាមញ្ញ ប៉ុន្តែមានអត្ថន័យដ៏សំខាន់ថាមនុស្សគ្រប់រូបគួរតែរីករាយជាមួយបេះដូងនៃរាជធានី ដោយមិនបានប្រឈមនឹងការស្រូបផ្សែងបារីពីគេ។ នេះគឺជាការជ្រើសរើស ដើម្បីឱ្យមានខ្យល់អាកាសបរិសុទ្ធ ទីសាធារណៈប្រកបដោយសុខភាពល្អ និងបទពិសោធន៍ទេសចរណ៍ ដែលផ្តល់អាទិភាពដល់ភ្ញៀវទេសចរ ប្រជាជនជាចម្បង៕