FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជានឹងជំរុញរបៀបវារៈពាណិជ្ជកម្មឌីជីថល ក្នុងវេទិកាពាណិជ្ជកម្មឌីជីថល លើកទី៣ និងពិព័រណ៍អនឡាញ

10-09-2026 20:14

(ភ្នំពេញ)៖ កម្ពុជានឹងជួបជុំថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំធុរកិច្ច សហគ្រិន អ្នកបង្កើតថ្មីផ្នែកបច្ចេកវិទ្យា និងអតិថិជន នៅក្នុងខែនេះសម្រាប់ព្រឹត្តិការណ៍ «វេទិកាពាណិជ្ជកម្មឌីជីថលលើកទី៣ និងពិព័រណ៍អនឡាញ»
ព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីពន្លឿនការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា និងបង្កើតឱកាសថ្មីៗសម្រាប់សហគ្រាសក្នុងស្រុក។ រៀបចំដោយក្រសួងពាណិជ្ជកម្ម វេទិកានេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញក្រោមប្រធានបទ «ការជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០»

វេទិកានេះត្រូវបានរំពឹងថានឹងធ្វើជាវេទិកាថ្នាក់ជាតិសម្រាប់កិច្ចសន្ទនាគោលនយោបាយ ការភ្ជាប់បណ្តាញធុរកិច្ច ការបង្ហាញបច្ចេកវិទ្យា និងសកម្មភាពបង្កើតទីផ្សារជាក់ស្តែង។ ព្រឹត្តិការណ៍នេះនឹងរៀបរាប់លេចធ្លោពីកិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែរឹងមាំ គាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ព្រមទាំងជួយដល់សហគ្រិនស្ត្រី និងអ្នកបង្កើតថ្មីវ័យក្មេង ក្នុងការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីឈានទៅរកអតិថិជនទាំងក្នុងស្រុក និងអន្តរជាតិ។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងអញ្ជើញជាអធិបតីភាពបើកព្រឹត្តិការណ៍នេះជាផ្លូវការ ដែលនឹងមានការពិភាក្សាកម្រិតខ្ពស់ ការភ្ជាប់បណ្តាញធុរកិច្ចអន្តរជាតិ ការប្រកួតប្រជែងការបង្កើតថ្មីពិព័រណ៍ពាណិជ្ជកម្មឌីជីថល វគ្គពង្រឹងសមត្ថភាព និងកម្មវិធីចូលរួមរបស់យុវជន។

យុទ្ធសាស្ត្រពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា មានគោលដៅលើសពីការនាំយកអាជីវកម្មទៅលើប្រព័ន្ធអនឡាញ ដោយផ្តោតលើការកសាងប្រព័ន្ធអេកូឡូស៊ីដែលមានទំនុកចិត្ត និងភាពប្រកួតប្រជែង៖

*«កម្ពុជាមិនត្រឹមតែមានមហិច្ឆតានាំយកអាជីវកម្មបន្ថែមទៀតទៅលើប្រព័ន្ធអនឡាញប៉ុណ្ណោះទេ ប៉ុន្តែគឺបង្កើតប្រព័ន្ធអេកូឡូស៊ីមួយដែលពួកគេអាចប្រកួតប្រជែង ទទួលបានទំនុកចិត្ត និងពង្រីកខ្លួនហួសពីព្រំដែនរបស់យើង។ តាមរយៈ CambodiaTrade.com យុទ្ធនាការផលិផលធ្វើនៅកម្ពុជា (Made in Cambodia) និងក្រមសីលធម៌ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក យើងកំពុងបំប្លែងមហិច្ឆតានោះទៅជាសកម្មភាពជាក់ស្តែង»។

*«ក្នុងពាណិជ្ជកម្មឌីជីថល ការទទួលបានច្រកចូលប្រើប្រាស់បង្កើតឱ្យមានឱកាស ប៉ុន្តែទំនុកចិត្តបង្កើតឱ្យមានទំហំធំធាត់»។
កិច្ចពិភាក្សាថ្នាក់ដឹកនាំសំខាន់ក្រោមប្រធានបទ «ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០» នឹងជួបជុំថ្នាក់ដឹកនាំមកពីវិស័យសាធារណៈ និងឯកជន ដើម្បីពិភាក្សាអំពីគោលនយោបាយ បច្ចេកវិទ្យា និងដៃគូដែលចាំបាច់ក្នុងការកែលម្អភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថល។

របៀបវារៈក៏រួមបញ្ចូលផងដែរនូវការប្រកួតប្រជែង Cambodia Trade Product Hackathon ដែលរៀបចំឡើងដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមការងារCambodiaTrade.com។

ការប្រកួតប្រជែងនេះនឹងប្រឡងប្រជែងបេក្ខជនឱ្យផ្លាស់ប្តូរផលិតផលខ្មែរទៅជាការផ្ដល់ជូនទីផ្សារឌីជីថលកាន់តែរឹងមាំ តាមរយៈការកែលម្អការបង្ហាញផលិតផល ការបង្កើតមាតិកាឌីជីថល និងការរៀបចំខ្លួនរួចរាល់សម្រាប់ទីផ្សារអនឡាញ។

កម្មវិធី TEDxPhnomPenh Salon នឹងផ្តល់នូវវេទិកាមួយផ្សេងទៀតសម្រាប់អ្នកដឹកនាំគំនិត សហគ្រិន និងអ្នកបង្កើតថ្មី ដើម្បីចែករំលែកគំនិតលើពាណិជ្ជកម្មឌីជីថល ពាណិជ្ជកម្មផ្អែកលើបច្ចេកវិទ្យា សន្តិសុខសាយប័រការលូតលាស់ប្រកបដោយបរិយាបន្ន និងតួនាទីរបស់កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថលតំបន់។

ការរាប់បញ្ចូលគ្រប់ភាគីពាក់ព័ន្ធ គឺជាការផ្តោតសំខាន់មួយ ដោយមានកម្មវិធី «ស្ត្រីក្នុងពាណិជ្ជកម្មឌីជីថល» ដែលជួយដល់អាជីវកម្មដឹកនាំដោយស្ត្រីក្នុងការចម្លាក់ជំនាញទីផ្សារឌីជីថល ការអនុវត្តឧបករណ៍ AI និងការរៀបចំខ្លួនសម្រាប់ឱកាសនាំចេញ។

សំឡេងរបស់យុវជននឹងត្រូវលើកកម្ពស់តាមរយៈ «ការតស៊ូមតិយុវជនស្តីពីពាណិជ្ជកម្មឌីជីថល» ដោយផ្តល់វេទិកាដល់និស្សិតសាកលវិទ្យាល័យក្នុងការជជែកដេញដោលអំពីអនាគតឌីជីថលរបស់កម្ពុជា។

ដើម្បីរុញច្រានការលក់ជាក់ស្តែង អ្នករៀបចំនឹងចាប់ផ្តើមយុទ្ធនាការ«បេសកកម្ម ៥០០ ប្រតិបត្តិការ» នៅលើ CambodiaTrade.com ដោយប្រើប្រាស់ការផ្សាយផ្ទាល់ (Livestream) ការផ្សព្វផ្សាយឌីជីថល និងការលើកទឹកចិត្តផ្សេងៗ ដើម្បីភ្ជាប់ផលិតផលកម្ពុជាជាមួយអ្នកទិញក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។


តាមរយៈការបញ្ជូលគ្នារវាងកិច្ចសន្ទនាគោលនយោបាយ ការភ្ជាប់ទំនាក់ទំនងធុរកិច្ច ការផ្សព្វផ្សាយផលិតផល និងការចូលរួមរបស់សាធារណជន វេទិកានេះត្រូវ បានរចនាឡើងដើម្បីបំប្លែងមហិច្ឆតាពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា ទៅជាឱកាសទីផ្សារជាក់ស្តែង។ សម្រាប់អាជីវកម្ម និស្សិត និងអតិថិជន ព្រឹត្តិការណ៍នេះផ្តល់នូវតួនាទីផ្ទាល់ក្នុងការកសាង ប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថលដែលមានទំនុកចិត្ត បរិយាបន្ននិងភាពប្រកួតប្រជែងជាសកល៕