ក្រសួងពាណិជ្ជកម្ម រៀបចំវេទិកាសន្ទនា ដើម្បីតភ្ជាប់បណ្តាញតួអង្គទីផ្សារខ្សែច្រវាក់តម្លៃ របស់គម្រោងអេមស៍ និងធានាបានទីផ្សារផលិតកម្មមាន់សាច់ មាន់ខ្មែរពូជស្គួយ សម្រាប់កសិករខ្នាតតូច ៤២គ្រួសារ នៅខេត្ដកំពត
10-09-2026 17:36
(កំពត)៖ ក្រុមការងារក្រសួងពាណិជ្ជកម្ម រួមជាមួយក្រុមការងារគម្រោងអេមស៍ នៃមន្ទីរពាណិជ្ជកម្មខេត្តកំពត នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំវេទិកាសន្ទនា និងការភ្ជាប់បណ្តាញតួអង្គទីផ្សារខ្សែច្រវាក់តម្លៃ សម្រាប់ផលិតកម្មមាន់សាច់ មាន់ខ្មែរពូជស្គួយ នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកំពត។ វេទិកានេះ បានធ្វើឡើងក្រោមអធិបតីភាព លោក លឹម ច័ន្ទសុភ័ក្រ្ត អគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេសនៃក្រសួងពាណិជ្ជកម្ម និងជានាយករងគម្រោងអេមស៍ និងលោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត។
វេទិកាក៏មានការចូលរួមពី ក្រុមការងារមកពីការិយាល័យគ្រប់គ្រងគម្រោង, មន្រ្តីបង្គោល, ទីប្រឹក្សាខ្សែច្រវាក់តម្លៃ និងវិនិយោគ, តំណាងធនាគារ ARDB, ក្រុមហ៊ុន GIC, ផ្សារស្នាដៃម៉ែ, ឈ្មួញប្រមូលទិញមាន់ និងតំណាងចង្កោមអាជីវកម្មមាន់ខ្មែរនៅភូមិបឹងនិមល ឃុំបឹងនិមល ស្រុកឈូក សរុបទាំងអស់ចំនួន ២៧នាក់។
ជាលទ្ធផល វេទិកាសន្ទនានេះ បានឈានដល់ការព្រមព្រៀង ចុះកិច្ចសន្យាទិញលក់រវាង លោក ណុំ បុល ដែលជាឈ្មួញប្រមូលទិញមាន់ពីចង្កោមអាជីវកម្មមាន់ខ្មែរភូមិបឹងនិមល និងលោកស្រី ផល ចរិយា តំណាងផ្សារស្នាដៃម៉ែ រាជធានីភ្នំពេញ ដែលក្នុងនោះ លោក ណុំ បុល នឹងប្រមូលទិញមាន់ខ្មែរ ពីសមាជិកចង្កោមអាជីវកម្មចំនួន ៤២គ្រួសារ ដើម្បីផ្គត់ផ្គង់មាន់ខ្មែរបោចសម្អាតរួច ដល់ផ្សារស្នាដៃម៉ែ នៅរាជធានីភ្នំពេញ ចំនួនមួយឆ្នាំពេញ រាប់ចាប់ពីខែតុលា ឆ្នាំ២០២៦ ដល់ ខែកញ្ញា ឆ្នាំ២០២៧។
កិច្ចសន្យាទិញលក់នេះ នឹងជួយពង្រីកទីផ្សារសម្រាប់កសិករខ្នាតតូចនៅខេត្តកំពត ក្នុងការផ្គត់ផ្គង់មាន់ខ្មែររបស់ពួកគាត់ បានកាន់តែទូលំទូលាយមកដល់រាជធានីភ្នំពេញ៕











