FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងអប់រំ រៀបចំកម្មវិធីបំប៉នសមត្ថភាពត្រៀមប្រឡងចូលសាកលវិទ្យាល័យដោយឥតគិតថ្លៃ (Video inside)

10-09-2026 17:30

(ភ្នំពេញ)៖ លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការផ្តល់ឱកាសដ៏ពិសេសមួយ ជូនដល់សិស្សានុសិស្សទាំងអស់ដែលមានបំណងប្រឡងចូលរៀននៅសាកលវិទ្យាល័យ តាមរយៈកម្មវិធីបំប៉នសមត្ថភាពដោយឥតគិតថ្លៃ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង និងត្រៀមលក្ខណៈសម្បត្តិសម្រាប់បេក្ខជនប្រឡង។

ក្រសួងនឹងរៀបចំការបង្រៀនដោយផ្សាយបន្តផ្ទាល់ លើមុខវិជ្ជាសំខាន់ៗចំនួន៤ រួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ ការបង្រៀននឹងធ្វើឡើងដោយសាស្រ្តាចារ្យដ៏ចំណាន និងមានបទពិសោធន៍ខ្ពស់ដែលនឹងជួយសិស្សានុសិស្សឱ្យយល់កាន់តែច្បាស់អំពីមេរៀន និងបច្ចេកទេសដោះស្រាយលំហាត់។

កម្មវិធីបង្រៀននេះនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ ជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ តាមកាលវិភាគដូចខាងក្រោម៖

*ម៉ោង ១៦៖០០ - ១៧៖០០៖ មុខវិជ្ជារូបវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ហង់ ស៊ីម

*ម៉ោង ១៧៖០០ - ១៨៖០០៖ មុខវិជ្ជាគីមីវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ជ័យ ថាវី

*ម៉ោង ១៨៖០០ - ១៩៖០០៖ មុខវិជ្ជាជីវវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ធូ ភន

*ម៉ោង ១៩៖០០ - ២០៖០០៖ មុខវិជ្ជាគណិតវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ នាង បូ

*ម៉ោង ២០៖០០ - ២១៖០០៖ មុខវិជ្ជារូបវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ទាង ប៉ាង

សិស្សានុសិស្សគ្រប់រូបអាចចូលរៀនក្នុងកម្មវិធីនេះដោយឥតគិតថ្លៃ ដោយគ្រាន់តែចូលទស្សនាការបង្រៀនដោយការផ្សាយបន្តផ្ទាល់តាមរយៈគេហទំព័រ www.duraseksa.gov.kh រួចចុចលើប៊ូតុង «ផ្សាយផ្ទាល់» និងបន្តទៅចុចលើប៊ូតុង «ត្រៀមប្រឡង សាកលវិទ្យាល័យ»។ នេះជាឱកាសមាសសម្រាប់សិស្សានុសិស្សក្នុងការត្រៀមខ្លួនប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចបាននូវក្តីស្រមៃក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា៕