អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
10-09-2026 16:20
(ព្រះវិហារ)៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្លិបអ្នកកាសែតកម្ពុជា (CCJ) បានដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ចុះបេសកកម្មទៅកាន់ខេត្តព្រះវិហារ ដើម្បីប្រមូលព័ត៌មាន និងរាយការណ៍អំពីស្ថានភាព ជាក់ស្តែងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ជាពិសេសផលប៉ះពាល់ដែលកើតឡើងលើប្រជាពលរដ្ឋ និងតំបន់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក។
បេសកកម្មព័ត៌មាននេះ បានចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានគោលបំណងពង្រឹងការផ្សព្វផ្សាយ និងការប្រមូលព័ត៌មានពីស្ថានភាពនៅតំបន់ដែលរងផលប៉ះពាល់ ដោយជម្លោះព្រំដែនទៅកាន់សាធារណជនជាតិ និងអន្តរជាតិ។
ក្នុងអំឡុងបេសកកម្មអ្នកសារព័ត៌មាន បានចុះទៅកាន់តំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដើម្បីសង្កេត និងកត់ត្រាស្ថានភាពជាក់ស្តែងពិនិត្យផលប៉ះពាល់ដែលបានកើតឡើងព្រមទាំងស្តាប់ និងផ្សព្វផ្សាយ សំឡេងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ដើម្បីបង្ហាញពីស្ថានភាព និងផលវិបាកដែលប្រជាពលរដ្ឋកម្ពុជាបានជួបប្រទះក្នុងអំឡុងពេល និងក្រោយពេលប្រយុទ្ធគ្នានៅតាមបណ្ដោយព្រំដែន។
ជាមួយគ្នានេះ អ្នកសារព័ត៌មានក៏បានប្រមូលព័ត៌មានពាក់ព័ន្ធនឹងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមមានគ្រាប់មិនទាន់ផ្ទុះ និងសំណល់គ្រាប់បែកចង្កោមដែលអាចបង្កហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាពប្រជាពលរដ្ឋ និងបង្កផលប៉ះពាល់រយៈពេលវែងដល់សហគមន៍នៅតំបន់រងគ្រោះ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា «បេសកកម្មនេះ បានផ្តោតសំខាន់លើការរាយការណ៍ព័ត៌មានពិតការផ្ទៀងផ្ទាត់ និងបញ្ជាក់ប្រភពព័ត៌មានច្បាស់លាស់ព្រមទាំងការគោរព គោលការណ៍វិជ្ជាជីវៈសារព័ត៌មានក្នុងការរាយការណ៍អំពីជម្លោះ និងផលប៉ះពាល់លើប្រជាជនស៊ីវិល»។
លោក ពុយ គា បានបន្ថែមថា «សុវត្ថិភាពរបស់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋក្នុងតំបន់ គឺជាអាទិភាពសំខាន់បំផុតក្នុងអំឡុង បេសកកម្មខណៈការចុះយកព័ត៌មានបានប្រព្រឹត្តទៅដោយប្រុងប្រយ័ត្ន និងមិនឱ្យអ្នកសារព័ត៌មានចូលទៅជិតប៉ះ ឬរើសំណល់ជាតិផ្ទុះដែលអាចបង្កគ្រោះថ្នាក់ឡើយ»។
បេសកកម្មព័ត៌មាននេះគឺជាការរួមចំណែកពង្រឹងការរាយការណ៍ព័ត៌មានពីតំបន់ជម្លោះដោយផ្អែកលើការសង្កេតជាក់ស្តែងការផ្ទៀងផ្ទាត់ព័ត៌មាន និងសំឡេងពីប្រភពនៅក្នុងតំបន់ដើម្បីឱ្យសាធារណជនក្នុងប្រទេស និងសហគមន៍អន្តរជាតិទទួលបានព័ត៌មានកាន់តែច្បាស់លាស់អំពីស្ថានភាព និងផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ៕































