ប្រកាសផ្ទេរភារកិច្ច និងតែងតាំងនាយការិយាល័យប្រឆាំងបទល្មើសវិស្វកម្ម ស្ថាបត្យកម្ម និងវិនិយោគ នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
10-09-2026 16:02
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពីធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយការិយាល័យប្រឆាំងបទល្មើសវិស្វកម្ម ស្ថាបត្យកម្ម និងវិនិយោគ។
ពិធីនេះក៏មានការពិនិត្យ និងឆ្លងរបាយការណ៍អំពីលទ្ធផលការងារប្រចាំខែសីហា ព្រមទាំងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ របស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចផងដែរ។
ការរៀបចំពិធីនេះគឺដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការឯកភាពពីឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលដឹកនាំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌។
ការប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មីនេះ គឺជាផ្នែកមួយនៃការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់កងកម្លាំងនគរបាលជាតិ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលពាក់ព័ន្ធនឹងវិស័យវិស្វកម្ម ស្ថាបត្យកម្ម និងវិនិយោគ។
តាមរយៈការពិនិត្យរបាយការណ៍ និងការដាក់ចេញទិសដៅការងារបន្ត នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ប្តេជ្ញាបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕











