FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងបរិស្ថាន ប្រគល់ធុងសំរាមជាង ២ពាន់ធុង ដល់សាលារៀន ៧៧៦កន្លែង នៅខេត្តកណ្តាល

10-09-2026 15:59

(កណ្តាល)៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រគល់ធុងសំរាមចំនួន ២.៣២៨ធុងបន្ថែម សម្រាប់ចែកជូនសាលារៀនទាំង ៧៧៦កន្លែង នៅទូទាំងខេត្តកណ្តាល។

ពិធីប្រគល់-ទទួលនេះធ្វើឡើងនៅបរិវេណមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រោមអធិបតីភាពរលោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល។

ក្នុងឱកាសនោះ លោក គ្រុយ ម៉ាឡែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងបរិស្ថាន ដែលបានយកចិត្តទុកដាក់ផ្តល់ធុងសំរាមទាំងនេះ ដើម្បីរួមចំណែកជំរុញការគ្រប់គ្រងសំរាមនៅតាមសាលារៀន និងក្នុងសហគមន៍។

អភិបាលរងខេត្តបានបញ្ជាក់ថា សាលានីមួយៗនឹងទទួលបានធុងសំរាមចំនួន ៣ ធុង ហើយរដ្ឋបាលខេត្តក៏បាននិងកំពុងជំរុញការអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថាន និងការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមថែរក្សាអនាម័យ បរិស្ថាន និងធនធានធម្មជាតិ។

លោក សាបូ អូហ្សាណូ បានលើកឡើងថា ការគ្រប់គ្រងសំរាម សំណល់រឹង និងការទប់ស្កាត់ការបំពុលបរិស្ថាន គឺជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងបរិស្ថានបានកំណត់ការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋជាទិសដៅអាទិភាព ដើម្បីផ្លាស់ប្តូរឥរិយាបថ និងទម្លាប់រស់នៅឆ្ពោះទៅរក «ការរស់នៅស្អាត បរិស្ថានបៃតង និងអព្យាក្រឹតកាបូន»។ តាមការគ្រោងទុក ក្រសួងនឹងបន្តផ្តល់ធុងសំរាមដល់សាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅទូទាំងប្រទេស ដើម្បីជួយសម្រួលដល់ការទុកដាក់ និងញែកសំរាមតាមប្រភេទ។

លោករដ្ឋលេខាធិការបានបន្ថែមថា ធុងសំរាមទាំងនេះនឹងត្រូវរៀបចំដាក់នៅតាមទីតាំងសមស្របក្នុងបរិវេណសាលារៀន ដើម្បីបង្កើនប្រសិទ្ធភាពនៃការទុកដាក់ និងប្រមូលសំរាម ព្រមទាំងបណ្តុះស្មារតីសិស្សានុសិស្ស និងសហគមន៍ឱ្យចេះថែរក្សាបរិស្ថានចាប់ពីសាលារៀន។

លោល សាបូ អូហ្សាណូ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគ្រប់គ្រង ថែទាំ និងប្រើប្រាស់ធុងសំរាមទាំងនេះឱ្យបានត្រឹមត្រូវ និងយូរអង្វែង ដើម្បីបម្រើប្រយោជន៍ដល់បរិស្ថាន សង្គម និងសុខភាពសាធារណៈ៕