FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៦ លើកទី៥ ទាក់ទាញប្រតិភូក្រុមហ៊ុនទេសចរណ៍មីយ៉ាន់ម៉ា នេប៉ាល់ និងហ្វីលីពីន មកជួបពិភាក្សាជាមួយប្រតិបត្តិករទេសចរណ៍កម្ពុជា

10-09-2026 14:53

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើក «ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៦ លើកទី៥» (5th Cambodia Travel Match – CTM 2026 Mini-Series) ដែលរៀបចំដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) នៅសណ្ឋាគារ Crowne Plaza Phnom Penh by IHG។

ពិធីនេះ មានការចូលរួមពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍, ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា, លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter), តំណាងក្រុមប្រឹក្សាសិក្សាទីផ្សារទេសចរណ៍កម្ពុជា (CTB), តំណាងសមាគមសណ្ឋាគារកម្ពុជា (CHA) ព្រមទាំងប្រតិភូ និងប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិមកពីប្រទេសមីយ៉ាន់ម៉ា នេប៉ាល់ និងហ្វីលីពីន អ្នកទិញអន្តរជាតិ អ្នកផ្គត់ផ្គង់សេវាទេសចរណ៍កម្ពុជា និងអ្នកសារព័ត៌មាន សរុបជាង១៣០រូប។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ និងអ្នកចូលរួមទាំងអស់ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ PATA Cambodia Chapter ដែលបានរៀបចំព្រឹត្តិការណ៍នេះ សហការជាមួយសហព័ន្ធទេសចរណ៍កម្ពុជា (CTF) ក្រុមប្រឹក្សាសិក្សាទីផ្សារទេសចរណ៍ (CTB) និងដៃគូពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ពង្រីកឱកាសធុរកិច្ច និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា CTM 2026 Mini-Series បានក្លាយជាវេទិកាពាណិជ្ជកម្មទេសចរណ៍ដ៏សំខាន់មួយ ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយផ្តោតលើការពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ពង្រីកការចូលដល់ទីផ្សារទេសចរណ៍អន្តរជាតិ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព។

លោកបានបន្តថា វេទិកានេះ បានបង្កើតឱកាសសម្រាប់អ្នកទិញអន្តរជាតិ និងអ្នកផ្គត់ផ្គង់សេវាទេសចរណ៍កម្ពុជា ជួបជជែកពិភាក្សា និងបង្កើតទំនាក់ទំនងធុរកិច្ចជាក់ស្តែង ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងពិភពលោក។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការរៀបចំកម្មវិធីនេះ នឹងរួមចំណែកបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារទេសចរណ៍អន្តរជាតិ ពង្រីកវត្តមានរបស់កម្ពុជាទៅកាន់ទីផ្សារថ្មីៗ និងផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងប្រតិបត្តិករទេសចរណ៍ក្នុងតំបន់ អាចចូលដល់ទីផ្សារអន្តរជាតិបានកាន់តែទូលំទូលាយ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានអញ្ជើញភ្ញៀវទេសចរ អ្នកទស្សនា និងវិនិយោគិនអន្តរជាតិ មកទស្សនា និងស្វែងយល់ពីសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា ដោយភាពជឿជាក់ និងពុំមានកង្វល់ណាមួយ ព្រមទាំងទទួលបានបទពិសោធន៍ពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលត្រូវបានស្គាល់ថា «ស្នាមញញឹមកម្ពុជា» និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា។

គូសបញ្ជាក់ថា ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៦ (CTM 2026 Mini-Series) ត្រូវបានអនុវត្តក្រោមកិច្ចសហការដ៏ជិតស្និទ្ធរវាងក្រសួងទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា (CTF) និង PATA Cambodia Chapter ក្នុងនាមជាអ្នករៀបចំកម្មវិធី (Lead Organizer)។

កម្មវិធីនេះ គឺជាយុទ្ធនាការទីផ្សារគោលដៅជាយុទ្ធសាស្ត្រពេញមួយឆ្នាំ ក្រោមប្រធានបទ «កម្ពុជាទៅកាន់ពិភពលោក» ក្នុងគោលបំណងបង្កើតវេទិកាធុរកិច្ចរវាងអ្នកទិញអន្តរជាតិ និងអ្នកផ្គត់ផ្គង់កម្ពុជា ពង្រីកទីផ្សារ ទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគ ព្រមទាំងលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយពិពិធកម្ម និងភាពប្រកួតប្រជែងនៅលើទីផ្សារទេសចរណ៍ពិភពលោក៕