FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គីម វីរៈ ចែកអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៣០០គ្រួសារ ក្នុងខេត្តត្បូងឃ្មុំ

10-09-2026 14:32

(ត្បូងឃ្មុំ)៖ លោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានសម្របសម្រួល និងសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការចែកអំណោយ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៣០០គ្រួសារ នៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធ។

កញ្ចប់ជំនួយ ដែលបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ទាំង៣០០គ្រួសារ រួមមាន អង្ករ ចំនួន ១០គីឡូក្រាម ទឹកស៊ីអ៊ីវទឹកត្រី មី ធុងដាក់ទឹក សាប៊ូលាងចាន សាប៊ូបោកខោអាវ បោយទឹក ព្រមទាំងសម្ភារចាំបាច់ផ្សេងៗទៀត។

បន្ថែមពីលើកញ្ចប់ជំនួយជូនគ្រួសាររងគ្រោះ ជំនួយនេះ ក៏រួមមានការផ្តល់សម្ភារសង្គ្រោះ និងសម្ភារត្រៀមឆ្លើយតបគ្រោះមហន្តរាយជូនរដ្ឋបាលខេត្តត្បូងឃ្មុំផងដែរ រួមមាន ទូកម៉ាស៊ីនសង្គ្រោះចំនួន ២គ្រឿង បង្គន់ចល័តចំនួន ២ អាវពោងចំនួន ៥០០អាវ វិទ្យុទាក់ទងចំនួន ១២៥គ្រឿង និងតង់ចំនួន ៥០០តង់។

សកម្មភាពនេះ គឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពដ៏រឹងមាំរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងការរួមចំណែកជួយសង្គ្រោះ និងសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់៕