FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច គុយ សុផល ផ្តាំប្រតិភូយុវជនទៅរុស្ស៊ី និងនិស្សិតជ័យលាភីទៅបន្តការសិក្សានៅបារាំង និងឆែក ឱ្យខិតខំស្រូបយកចំណេះដឹង ជំនាញ និងត្រឡប់មកបម្រើជាតិ

10-09-2026 12:27

(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្តាំផ្ញើដល់ប្រតិភូយុវជនទៅចូលរួមមហោស្រពយុវជនពិភពលោកឆ្នាំ២០២៦ នៅប្រទេសរុស្ស៊ី និងនិស្សិតជ័យលាភីដែលត្រូវចេញទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅប្រទេសបារាំង និងសាធារណរដ្ឋឆែក ឱ្យខិតខំសិក្សា និងដុសខាត់ជំនាញឱ្យបានល្អ ដើម្បីយកចំណេះដឹង និងបទពិសោធន៍មកចូលរួមបម្រើ និងអភិវឌ្ឍប្រទេសជាតិ។

ការផ្តាំផ្ញើនេះធ្វើឡើងក្នុងជំនួបសំណេះសំណាលរវាងសម្តេច គុយ សុផល ជាមួយប្រតិភូយុវជន និងនិស្សិតជ័យលាភីប្រមាណ ៤៥នាក់ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅព្រះបរមរាជវាំង។

សម្តេចមហាមន្ត្រី បានលើកឡើងពីគុណតម្លៃនៃចំណេះដឹង ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិរហូតមកដល់សព្វថ្ងៃ។ សម្តេចបានគូសបញ្ជាក់ថា មូលធនមនុស្ស គឺជាកម្លាំងស្នូលសម្រាប់ការរីកចម្រើនរបស់ប្រទេសជាតិ។ លោកបានរំលឹកពីការលះបង់ និងភាពប៉ិនប្រសប់នៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែផ្តល់តម្លៃ និងឱកាសដល់យុវជនទាំងជំនាន់មុន (រួមមានទាំងរូបសម្តេច គុយ សុផល ផ្ទាល់) និងយុវជនជំនាន់ក្រោយ ទទួលបានការអប់រំខ្ពស់ និងចំណេះដឹងជ្រៅជ្រះ។ ក្រោមម្លប់សន្តិភាព សម្តេចតេជោ ក៏បានត្រួសត្រាយផ្លូវ បង្កើតបរិយាកាសឱ្យយុវជនមានឱកាសសិក្សារៀនសូត្របន្ថែមទៀតទាំងក្នុង និងក្រៅប្រទេស។ ឱកាសទាំងនេះអនុញ្ញាតឱ្យពួកគេបានក្រេបជញ្ជក់ចំណេះវិជ្ជា ដុសខាត់ជំនាញ និងស្វែងយល់ពីវប្បធម៌ អរិយធម៌ ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា បរិស្ថាន និងការវិវត្តនានានៅក្នុងពិភពលោក។

សម្តេចបានផ្តាំឱ្យយុវជនប្រកាន់ខ្ជាប់គោលការណ៍ «សុ ចិ បុ លិ» ដែលជាក្បួនតម្រាបុរាណរបស់ខ្មែរ និងជាគន្លឹះសំខាន់សម្រាប់ការសិក្សារៀនសូត្រឱ្យទទួលបានចំណេះដឹងពិតប្រាកដ។ ពោលគឺផ្ចង់ស្មារតីស្តាប់ការបង្រៀន និងការណែនាំ រួចពិចារណាឱ្យបានស៊ីជម្រៅ និងយល់ពីហេតុផល។ នៅពេលមានចម្ងល់ ឬកន្លែងមិនច្បាស់ ត្រូវសួរដើម្បីពង្រីកចំណេះដឹង ហើយត្រូវចេះកត់ត្រាទុកនូវចំណុចសំខាន់ៗជាទ្រព្យជាប់ខ្លួន។

សម្តេចមហាមន្ត្រីក៏បានណែនាំឱ្យយុវជនយល់ពីចំណុចសំខាន់នៃការសិក្សាគឺការរៀនសង្កេតឱ្យបានគ្រប់ជ្រុងជ្រោយ សិក្សាប្រធានបទឱ្យបានទូលំទូលាយ និងស៊ីជម្រៅ ព្រមទាំងដុសខាត់ជំនាញឱ្យបានច្បាស់លាស់ មានន័យថា មានចំណេះដឹង និងជំនាញហើយ ត្រូវតែមានភាពប៉ិនប្រសប់នៅក្នុងខ្លួនថែមទៀត ស្របតាមពាក្យស្លោកបុរាណខ្មែរ «ចេះដប់មិនស្មើប្រសប់មួយ»។

លោកក៏បានលើកឡើងថា នៅពេលដែលមានចំណេះហើយ វាជាឬសគល់ដែលធ្វើឱ្យយើងមាននូវ «សម្មាទិដ្ឋិ» ដែលមានន័យថា ការគិតត្រូវ។ ហើយការគិតត្រូវនេះគឺជាចំណុចនៃគ្រប់ភាពជោគជ័យ។

សម្តេចមហាមន្ត្រីបានចែករំលែកបទពិសោធន៍ការងារនៅក្រសួងព្រះបរមរាជវាំងប្រហែលជិត ៤០ឆ្នាំ ក្រោមការដឹកនាំចង្អុលបង្ហាញរបស់សម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល អតីតរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ចំណុចសំខាន់គឺពេលចូលបម្រើការងារនៅកន្លែងណាក៏ដោយ ត្រូវធ្វើការឱ្យលះ បម្រើថ្នាក់ដឹកនាំអស់ពីចិត្ត ឱ្យចៅហ្វាយនាយខ្វះយើងមិនបាន។

សម្តេចក៏បានផ្តាំឱ្យយុវជនចេះសម្របខ្លួនទៅនឹងវប្បធម៌ និងបរិបទនៃប្រទេសដែលខ្លួនទៅសិក្សា។ ជាមួយគ្នានេះ ត្រូវប្រកាន់ខ្ជាប់វប្បធម៌ និងអរិយធម៌ខ្មែរ ដើម្បីអាចរក្សាអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រទេសជាតិទៅកាន់មិត្តអន្តរជាតិឱ្យបានទូលំទូលាយ។ លោកក៏បានទទូចឱ្យយុវជនខិតខំសិក្សាឱ្យបានជោគជ័យ និងត្រូវតែត្រឡប់មកបម្រើជាតិយើងវិញ មិនថាក្នុងវិស័យរដ្ឋ ឬវិស័យឯកជនឡើយ។

ជាចុងក្រោយ សម្តេច គុយ សុផល បានជូនពរដល់ប្រតិភូយុវជន និងនិស្សិតជ័យលាភីទាំងអស់ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព ទទួលបានជោគជ័យក្នុងការសិក្សា និងពាំនាំចំណេះដឹង បទពិសោធន៍ និងកិត្តិយសត្រឡប់មកជូនជាតិមាតុភូមិ ព្រមទាំងបន្តទទួលបានជោគជ័យក្នុងមាគ៌ាជីវិត ការងារ និងគ្រួសារទៅថ្ងៃអនាគត។

ជាការឆ្លើយតប ប្រតិភូយុវជន និងនិស្សិតជ័យលាភីទាំងអស់ បានត្រងត្រាប់ស្តាប់ប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ និងមានការគោរព និងកោតសរសើរចំពោះគតិបណ្ឌិត បទពិសោធន៍ការងារ ការលះបង់របស់សម្តេច គុយ សុផល ជាពិសេសការផ្តល់តម្លៃខ្ពស់ទៅលើចំណេះដឹងរបស់យុវជន ព្រមទាំង ស្មារតីស្នេហា ជាតិ សាសនា ព្រះមហាក្សត្រ។

ស្វែងយល់លម្អិតពីមហោស្រពយុវជនពិភពលោកឆ្នាំ២០២៦៖ https://fna.asia/dd25a72