ក្រោយសាកល្បងគុណភាពបាន២ខែ, សហភាពសហគមន៍កសិកម្មដែលមានកសិករ ២ម៉ឺនគ្រួសារ សម្រេចចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ ជីសរីរាង្គ បូកាឈីរ៉ា ផលិតក្នុងស្រុក !
09-09-2026 17:18
(កំពង់ឆ្នាំង)៖ សហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម (ស.ស.ស.អ.ស) និងសហគ្រាស ជីសរីរាង្គ បូកាឈីរ៉ា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ជីសរីរាង្គ ប្រកបដោយគុណភាពខ្ពស់ និងការបណ្តុះបណ្តាលបច្ចេកទេសដល់កសិករ។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ប្រាក់ លៀងហួរ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងលោក កាយ សុខជា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ម៉ៅ មិថុនា មន្ដ្រីគម្រោងរបស់អង្គការហេហ្វឺអន្ដរជាតិកម្ពុជា, មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា សហស្ថាបនិកសហគ្រាស ជីសរីរាង្គ បូកាឈីរ៉ា និងលោកស្រី រិទ្ធ ចន្ថា ប្រធានក្រុមប្រឹក្សាភិបាល សហភាពសហគន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម មានការចូលរួមពីសំណាក់សមាជិក សមាជិកាសហភាពសហគមន៍កសិកម្ម និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។
លោកស្រី រិទ្ធ ចន្ថា បានឱ្យដឹងថា កន្លងមកសមាជិកសហភាព បានចំណាយថវិកាច្រើនលើការទិញជីនាំចូលពីក្រៅប្រទេស តែមិនសូវទទួលបានទិន្នផលល្អនោះទេ។ បន្ទាប់ទទួលបានព័ត៌មានពី ជីសរីរាង្គ បូកាឈីរ៉ា ក៏សាកល្បងប្រើប្រាស់ប្រមាណ ២ខែ ទើបឃើញគុណភាពខ្ពស់ ប្រើប្រាស់បរិមាណតិច តម្លៃទាប ទទួលបានទិន្នផលខ្ពស់ ដែលនាំឱ្យទទួលបានប្រាក់ចំណេញច្រើន ទើបឈានដល់ចុះអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ។
លោក អៀង សុធារ៉ា បានបញ្ជាក់ថា បេសកកម្មរបស់សហគ្រាសជីសរីរាង្គ បូកាឈីរ៉ា គឺចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងជំរុញការអនុវត្តកសិកម្មសរីរាង្គនៅកម្ពុជា ឱ្យកាន់តែទូលំទូលា ដែលផ្តោតលើគុណភាព ប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់។ ក្រៅពីការផលិត និងផ្គត់ផ្គង់ជីសរីរាង្គ សហគ្រាស ក៏មានបំណងចូលរួមស្វែងរកទីផ្សារ និងអតិថិជនសម្រាប់កសិផលសរីរាង្គរបស់កម្ពុជា ដើម្បីជួយបង្កើតខ្សែសង្វាក់តម្លៃដែលអាចផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់កសិករ។
លោក អៀង សុធារ៉ា សង្កត់ធ្ងន់ថា ចក្ខុវិស័យរបស់សហគ្រាស គឺចង់ឃើញការអនុវត្តកសិកម្មសរីរាង្គនៅកម្ពុជា មានភាពទូលំទូលាយជាងមុន ដោយកសិករទទួលបានប្រាក់ចំណូល និងប្រាក់ចំណេញកាន់តែប្រសើរ ព្រមទាំងចូលរួមថែរក្សាបរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ កសិករមកពីខេត្តនានា ដូចខេត្តប៉ៃលិន បាត់ដំបង កំពត ក៏បានបញ្ជាក់ថា ជីបូកាឈីរ៉ា មានគុណភាពខ្ពស់ មិនប៉ះពាល់ដល់សុខភាព និងធ្វើបរិស្ថានល្អ៕








