អភិបាលខេត្តបន្ទាយមានជ័យ៖ អក្ខរកម្មជាគ្រឹះដ៏សំខាន់បំផុតសម្រាប់កុមារ
09-09-2026 16:43
(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសង្កត់ធ្ងន់ថា អក្ខរកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកុមារឱ្យរួចផុតពីភាពអវិជ្ជា និងជាគ្រឹះដ៏រឹងមាំសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់កុមារតូចៗ។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ដែលបានរៀបចំឡើងនៅវិទ្យាល័យស្វាយចេក នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល វិស័យឯកជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
លោកអភិបាលខេត្តបានបន្តថា នៅក្នុងសង្គមបច្ចុប្បន្ន ការអប់រំ និងអក្ខរកម្មប្រៀបដូចជាពន្លឺបំភ្លឺផ្លូវ ដែលអាចស្រោចស្រង់កុមារឱ្យចាកផុតពីភាពអវិជ្ជា ដែលជាឧបសគ្គដ៏ធំបំផុតរារាំងការអភិវឌ្ឍផ្នែកប្រាជ្ញាស្មារតី និងស្មារតីទទួលខុសត្រូវរបស់កុមារ។ នៅពេលដែលកុមារទទួលបានការអប់រំ និងមានអក្ខរកម្មរឹងមាំ ពួកគេនឹងទទួលបានចំណេះដឹង និងជំនាញជីវិតសំខាន់ៗជាច្រើន ដូចជាការចេះអាន និងសរសេរ ដែលអនុញ្ញាតឱ្យពួកគេស្វែងយល់ពីសៀវភៅ ព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗ។ ទាំងនេះជាទុនដ៏សំខាន់ក្នុងការអភិវឌ្ឍគំនិតច្នៃប្រឌិត និងការគិតពិចារណាដោយហេតុផល។
អក្ខរកម្មក៏ជាសំបុត្របើកផ្លូវឆ្ពោះទៅរកការសិក្សាថ្នាក់ខ្ពស់ និងការទទួលបានការងារល្អៗនាពេលអនាគត ព្រមទាំងជួយឱ្យកុមារមានភាពក្លាហានក្នុងការបញ្ចេញមតិយោបល់ មានទំនុកចិត្តលើខ្លួនឯង និងចេះការពារខ្លួនពីការបោកប្រាស់ ឬការរំលោភបំពានផ្សេងៗ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្តក៏បានអំពាវនាវដល់អាណាព្យាបាល សហគមន៍ និងសាលារៀនទាំងអស់ ឱ្យជម្រុញដល់កូនៗឱ្យចូលរៀនបានគ្រប់ៗគ្នា ដើម្បីចូលរួមក្នុងការលើកកម្ពស់ការសិក្សារបស់កុមារ ដែលជាកាតព្វកិច្ចមិនអាចខ្វះបាន ដើម្បីធានាថាកុមារគ្រប់រូបទទួលបានពន្លឺនៃអក្ខរកម្មស្មើៗគ្នា៕


























