ក្រសួងការងារដោះស្រាយបញ្ចប់សំណើរបស់បងប្អូនកម្មករនៃរោងចក្រយីដា ខណៈកម្មករចូលធ្វើការជាធម្មតាវិញ
09-09-2026 16:24
(កណ្ដាល)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្របសម្រួលដោះស្រាយបញ្ចប់កង្វល់ចំនួន ២ចំណុចរបស់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន យីដា មេនូហ្វេកឆឺរើ ខូអិលធីឌី ឯ.ក ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាលដែលធ្វើឱ្យបងប្អូនកម្មករនិយោជិតបានបើកផ្លូវឡើងវិញ និងចូលបំពេញការងារជាធម្មតាវិញនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា កង្វល់ទាំងពីរដែលបងប្អូនកម្មករនិយោជិតបានលើកឡើង រួមមាន ការស្នើឱ្យក្រុមហ៊ុនពិនិត្យ និងទូទាត់ប្រាក់ឈ្នួលឱ្យបានត្រឹមត្រូវ និងការស្នើឱ្យបញ្ឈប់បុគ្គលិកផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ដែលបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ។
លោក ស៊ុន មេសា បានបញ្ជាក់ថា៖ «ក្រសួងបានយកចិត្តទុកដាក់សម្របសម្រួលដោះស្រាយសំណើរបស់បងប្អូនកម្មករនិយោជិតដោយសន្តិវិធី និងផ្អែកលើច្បាប់។ បន្ទាប់ពីភាគីទាំងអស់បានឯកភាពលើដំណោះស្រាយ បងប្អូនកម្មករនិយោជិតបានបើកផ្លូវឡើងវិញ និងចូលបំពេញការងារជាធម្មតា»។
ជាមួយគ្នានេះ ក្រសួងការងារ បានអំពាវនាវឱ្យគ្រប់ភាគីបន្តអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀង និងដោះស្រាយរាល់បញ្ហាតាមរយៈការសន្ទនាដោយសន្តិវិធី និងយន្តការច្បាប់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្រប់ភាគី ព្រមទាំងរក្សាសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងប្រក្រតីភាពនៃផលិតកម្ម៕






