លោក គីម វីរៈ ចុះពិនិត្យការងារគ្រោះមហន្តរាយ និងសួរសុខទុក្ខភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ
08-09-2026 22:27
(ភ្នំពេញ)៖ លោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់របស់កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំជាមួយលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ.) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំ លោក ឃ្លោក នួយ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.គ.ម.ខ. បានធ្វើរបាយការណ៍អំពីស្ថានភាពគ្រោះមហន្តរាយ និងបញ្ហាប្រឈមនៅមូលដ្ឋាន ជាពិសេសការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួត ភ្លៀងធ្លាក់មិនទៀងទាត់ ហានិភ័យក្នុងវិស័យកសិកម្ម ការគ្រប់គ្រងប្រព័ន្ធទឹក និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងឧបទ្ទវហេតុផ្សេងៗ ដូចជា ខ្យល់កន្ត្រាក់ អគ្គិភ័យជាដើម។
កិច្ចប្រជុំបានផ្តោតសំខាន់លើការពង្រឹងវិធានការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ តាមរយៈការតាមដានស្ថានភាពអាកាសធាតុ ការផ្សព្វផ្សាយ និងការព្រមានជាមុនដល់ប្រជាពលរដ្ឋ ការត្រៀមកម្លាំង មធ្យោបាយ និងសម្ភារសង្គ្រោះ ព្រមទាំងការរៀបចំទីតាំងជម្រក និងផែនការស្តារឡើងវិញ។
ទន្ទឹមគ្នានេះ លេខាធិការដ្ឋាន គ.គ.ម.ខ. ក៏បានស្នើសុំការគាំទ្រដើម្បីពង្រឹងសមត្ថភាពក្រុមរុករក និងសង្គ្រោះថ្នាក់ខេត្ត ជាពិសេសការបណ្តុះបណ្តាលជំនាញសង្គ្រោះតាមផ្លូវទឹក ការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ និងការអន្តរាគមន៍ក្នុងស្ថានភាពបន្ទាន់។
ជាកិច្ចឆ្លើយតប លោក គីម វីរៈ បានណែនាំឱ្យបន្តអនុវត្តវិធានការត្រៀមបង្ការឱ្យមានប្រសិទ្ធភាព ពង្រឹងក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ និងបង្កើនកិច្ចសហប្រតិបត្តិការរវាង គ.ជ.គ.ម. ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងលេខាធិការដ្ឋាន គ.គ.ម.ខ. លោក គីម វីរៈ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យស្ថានភាពនៅភូមិរង់ចាំ និងជួបពិភាក្សាជាមួយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារប្រចាំការ។ ស្ថានភាពទូទៅនៅក្នុងភូមិរង់ចាំនៅមានលក្ខណៈប្រក្រតី ខណៈអាជ្ញាធរបន្តផ្តល់សេវាសាធារណៈ រៀបចំសណ្តាប់ធ្នាប់ផ្សារបណ្តោះអាសន្ន និងកែលម្អប្រព័ន្ធភ្លើងបំភ្លឺ និងការផ្គត់ផ្គង់ទឹក។
លោក គីម រីរៈ ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យ ក៏ដូចជាពិនិត្យការសាងសង់ប្រព័ន្ធធារាសាស្ត្រសម្រាប់វិស័យកសិកម្ម ជាពិសេសណែនាំប្រជាពលរដ្ឋឱ្យថែរក្សាអនាម័យ និងបរិស្ថាន ដោយត្រូវសម្រានក្នុងមុង និងយកចិត្តទុកដាក់ការពារកុមារពីជំងឺដែលបណ្តាលមកពីមូស ដើម្បីធានាសុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
នៅរសៀលថ្ងៃដដែល លោក គីម វីរៈ និងក្រុមការងារ បានបន្តចុះពិនិត្យដំណើរការសាងសង់បន្ថែមលំនៅឋានសម្រាប់ជនភៀសសឹក និងសួរសុខទុក្ខបងប្អូនជនភៀសសឹកដែលកំពុងរស់នៅក្នុងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ក្នុងដំណើរចុះពិនិត្យ និងសួរសុខទុក្ខគ្រួសារជនភៀសសឹក លោក គីម វីរៈបានជួបពិភាក្សាជាមួយមន្ត្រីថ្នាក់ស្រុកទាំង៣ ដែលទទួលបន្ទុកគ្រប់គ្រងនៅទីតាំងផ្ទាល់ និងស្តាប់របាយការណ៍អំពីស្ថានភាព និងការរៀបចំការងារនៅទីតាំង។
តាមរបាយការណ៍ ក្រុមការងារបានសាងសង់បន្ថែមលំនៅឋានចំនួន ៥០៩ខ្នង ដែលសរុបទាំងមុននឹងក្រោយ ៧៥៩ខ្នង សម្រាប់បងប្អូនជនភៀសសឹក ដែលគ្រោងនឹងរៀបចំការចាប់ឆ្នោតជ្រើសរើសលំនៅឋាននៅថ្ងៃស្អែក។
ការសាងសង់លំនៅឋានបន្ថែមនេះ បានធ្វើឱ្យបងប្អូនគ្រួសារដែលមិនទាន់ទទួលបានលំនៅឋាន មានក្តីសោមនស្សរីករាយ និងកាន់តែមានទំនុកចិត្តចំពោះការគាំទ្ររបស់អាជ្ញាធរ និងក្រុមការងារពាក់ព័ន្ធ។
បន្ទាប់មក លោក និងក្រុមការងារ បានបន្តចុះជួបសួរសុខទុក្ខគ្រួសារជនភៀសសឹក ដែលកំពុងរស់នៅ និងប្រកបមុខរបរខ្នាតគ្រួសារ ព្រមទាំងធ្វើកសិកម្មក្នុងកម្រិតគ្រួសារ ហើយប្រជាពលរដ្ឋបានសម្តែងនូវក្តីសោមនស្ស និងការដឹងគុណចំពោះការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ អាជ្ញាធរ និងក្រុមការងារពាក់ព័ន្ធ ក្នុងការជួយឧបត្ថម្ភ និងសម្រួលជីវភាពរស់នៅរបស់ពួកគាត់៕




















