FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប. ពិនិត្យ និងសម្រេចលើសម្ភារៈបោះឆ្នោត គំរូសន្លឹកឆ្នោត និងវិធានការសម្រាប់តំបន់រងផលប៉ះពាល់ដោយការឈ្លានពានរបស់យោធាថៃ លើអធិបតេយ្យភាពកម្ពុជា

08-09-2026 22:21

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប. ខ្លឹមសារសម្ភារឯកសារបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ គំរូទម្រង់សន្លឹកឆ្នោត និងសម្រេចលើរបាយការណ៍ធ្វើបច្ចុប្បន្នភាពស្ថានភាពប្រជាពលរដ្ឋ អ្នកបោះឆ្នោត និងទីតាំងការិយាល័យបោះឆ្នោត ដែលរងផលប៉ះពាល់ដោយការឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ពីយោធាថៃ ព្រមទាំងសម្រេចលើតារាងស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន សម្រាប់អនុវត្តផែនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប. ពាក់ព័ន្ធនឹងឯកសារដែលមានក្នុងរបៀបវារៈរួចមក អង្គប្រជុំ គ.ជ.ប. បានពិនិត្យ និងពិភាក្សាលើឯកសារយ៉ាងល្អិតល្អន់តាមរបៀបវារៈម្តងមួយៗ និងបានលើកយោបល់កែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួន ហើយអង្គប្រជុំ គ.ជ.ប. បានសម្រេចដូចខាងក្រោម៖

ទី១. របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប. បានពិនិត្យ និងពិភាក្សាកែសម្រួល ហើយបានឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប. ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

ទី២. របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប. បានពិនិត្យ និងពិភាក្សាលើសម្ភារឯកសារបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។

អង្គប្រជុំ គ.ជ.ប. បានពិភាក្សាកែសម្រួល ហើយបានសម្រេចឯកភាពដូចខាងក្រោម រួមមាន៖ ទម្រង់បែបបទចំនួន ១៩ ប្រភេទ ស្រោមសំបុត្រខ្នាតធំ មធ្យម និងតូច មានចំនួន ២២ ប្រភេទ សម្រាប់ប្រើក្នុងការិយាល័យបោះឆ្នោត ស្បោងដាក់សម្ភារឯកសារបោះឆ្នោតចំនួន ១១ ប្រភេទ បណ្ណប្រកាសហាមប្រើប្រាស់ទូរសព្ទដៃ និងខិត្តបណ្ណណែនាំអំពីការបោះឆ្នោតបាន ឬមិនបាន ស្លាកសម្គាល់ទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប.) និងស្លាកសម្គាល់ការិយាល័យបោះឆ្នោត គំរូត្រា ៣ ប្រភេទ រួមមានត្រាសម្រាប់ គឃ.សប. ត្រាសម្រាប់គណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប.) និងត្រាសម្ងាត់។

ទី៣. របៀបវារៈទី៣៖ អង្គប្រជុំ គ.ជ.ប. ពិនិត្យ និងពិភាក្សាលើទម្រង់សន្លឹកឆ្នោតគំរូ សម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលមន្ត្រីបោះឆ្នោត និងអប់រំអ្នកបោះឆ្នោត និងទម្រង់សន្លឹកឆ្នោតផ្លូវការ ដែលត្រូវរៀបចំតាមទម្រង់ និងខ្នាតលើក្រដាសជាក់ស្តែង ប្រែប្រួលទៅតាមចំនួនគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលមានគំរូទម្រង់សន្លឹកឆ្នោតបួនខ្នាតផ្សេងៗគ្នា។ ក្រោយពីបានពិភាក្សាយ៉ាងល្អិតល្អន់រួចមក អង្គប្រជុំ គ.ជ.ប. បានសម្រេចឯកភាពយកពីរជួរ ក្នុងករណីមានគណបក្សនយោបាយចូលរួមការបោះឆ្នោតលើសពីដប់មួយគណបក្ស ដោយសម្រួលទំហំកូឡោន (Column) ឱ្យប៉ុនៗគ្នាសមស្របនៅលើក្រដាសសន្លឹកឆ្នោត។

ទី៤. របៀបវារៈទី៤៖ អង្គប្រជុំ គ.ជ.ប. បានពិនិត្យលើរបាយការណ៍អំពីការធ្វើបច្ចុប្បន្នភាពស្ថានភាពប្រជាពលរដ្ឋ អ្នកបោះឆ្នោត ទីតាំងការិយាល័យបោះឆ្នោត ដែលរងផលប៉ះពាល់ដោយការឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាពីយោធាថៃ រួមមានខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ ដែលមាន៖ ប្រជាពលរដ្ឋចំនួន ២១ ២១១ នាក់ ក្នុងនោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង ចំនួន ១៣ ២៧៩ នាក់ អ្នកបោះឆ្នោតចំនួន ១០ ៨៩៩ នាក់ ការិយាល័យបោះឆ្នោតចំនួន ២៨ ការិយាល័យ ភូមិចំនួន ២៣ ស្ថិតក្នុងភូមិសាស្ត្រឃុំ សង្កាត់ចំនួន ១១ និងក្រុង ស្រុកចំនួន ៧។

បន្ទាប់ពីបានស្តាប់ និងពិនិត្យលើរបាយការណ៍របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប. យ៉ាងយកចិត្តទុកដាក់រួចមក អង្គប្រជុំ គ.ជ.ប. បានសម្រេចឯកភាពរក្សាវិធានការដែល គ.ជ.ប. បានដាក់ចេញកន្លងមក រួមមាន៖

រក្សាទុកស្ថានភាពការិយាល័យបោះឆ្នោតរងផលប៉ះពាល់សរុបចំនួន ២៨ ការិយាល័យក្នុងភូមិសាស្ត្រដដែល ដើម្បីរក្សាជាសក្ខីកម្មបញ្ជាក់ពីផលប៉ះពាល់។ នៅដំណាក់កាលបោះឆ្នោត គណៈកម្មការខេត្តរៀបចំការបោះឆ្នោត (គ.ខ.ប.) ត្រូវពិគ្រោះយោបល់ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ធ្វើការផ្លាស់ប្តូរជាបណ្តោះអាសន្នទីតាំងការិយាល័យបោះឆ្នោតដែលរងផលប៉ះពាល់ទៅទីតាំងដែលមានសុវត្ថិភាពក្នុងក្របខ័ណ្ឌព្រំប្រទល់ឃុំ សង្កាត់ដដែល ដែលអាចឱ្យអ្នកបោះឆ្នោតទៅបោះឆ្នោតបានដោយសុវត្ថិភាព។
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត (ល.ខ.ប.) ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស.) និងក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប.) ត្រូវសហការកំណត់ទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោតចល័តនៅតាមភូមិ ក្នុងឃុំ សង្កាត់សាមីដែលជិតបំផុត ដែលមានមណ្ឌលភៀសសឹក ឬភូមិដែលត្រូវបានរំលោភកាន់កាប់ ដើម្បីឱ្យប្រជាពលរដ្ឋបានទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឬទៅធ្វើការកែតម្រូវទិន្នន័យជីវប្រវត្តិ ឬធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។
ល.ខ.ប. កបឃ.ស. ក.ច.ប. និង គ.ខ.ប. គឃ.សប. ត្រូវយកចិត្តទុកដាក់សហការបង្កលក្ខណៈងាយស្រួលក្នុងការចេញឯកសារដើម្បីបំពេញលក្ខខណ្ឌចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតជូនដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលពុំមានឯកសារអ្វីទាំងអស់នៅតំបន់ដែលត្រូវបានរំលោភកាន់កាប់ និងនៅជម្រកភៀសសឹក។
អាជ្ញាធរខេត្ត ក្រុង ស្រុក ល.ខ.ប. ឬ គ.ខ.ប. ពាក់ព័ន្ធ ត្រូវបង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តប្រជាពលរដ្ឋ និងអ្នកបោះឆ្នោតដែលស្នាក់នៅតាមទីតាំងបណ្តោះអាសន្នក្នុងខេត្ត ស្រុក បានទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ដែលគាត់បានរស់នៅមុនពេលភៀសសឹក ឬ/និងទៅបោះឆ្នោតតាមការិយាល័យបោះឆ្នោតដែលរងផលប៉ះពាល់ ហើយត្រូវបានប្តូរទៅទីតាំងសុវត្ថិភាពជាបណ្តោះអាសន្ន។

ទី៥. របៀបវារៈទី៥៖ អង្គប្រជុំ គ.ជ.ប. បានពិនិត្យ និងពិភាក្សាលើតារាងស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ហើយអង្គប្រជុំសម្រេចឯកភាពបន្ថែមកូឡោន (Column) ដាក់ចំនួនប៉ាន់ស្មានអ្នកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។ តារាងស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មានសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ នេះ នឹងត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនៅពេលខាងមុខ៕