FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATED: អាជ្ញាធរខេត្តពោធិ៍សាត់ ដោះស្រាយបញ្ចប់វិវាទការងារនៅរោងចក្រ លានហ្វាហេងយូ និងប៊ូលស្តា ក្នុងស្រុកបាកាន ដោយសន្តិវិធី និងស្មារតីទទួលខុសត្រូវខ្ពស់ (Photos inside)

08-09-2026 20:56

(ពោធិ៍សាត់)៖ វិវាទការងាររវាងកម្មករ-កម្មការិនី និងភាគីរដ្ឋបាលនៃរោងចក្រ លានហ្វាហេងយូ និងប៊ូលស្តា (ខេមបូឌា) ហ្កាម៉ិន ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ និងសន្តិវិធីហើយ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលប្រជុំថ្មកែវសាលាខេត្ត ក្រោមការដឹកនាំសម្របសម្រួលយ៉ាងទាន់ពេលវេលា ពីសំណាក់អាជ្ញាធរខេត្តពោធិ៍សាត់។

កិច្ចប្រជុំសម្របសម្រួលបន្ទាន់មួយនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក ហេង សុភាណា និងលោក រុន សារី អភិបាលរងនៃគណៈអភិបាលខេត្ត, លោកនាយករដ្ឋបាលសាលាខេត្ត, តំណាងកម្មករ, ភាគីក្រុមហ៊ុន, ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមមួយ ដោយភាពទទួលខុសត្រូវ។

នៅក្នុងឱកាសនោះ លោក ខូយ រីដា បានសម្តែងនូវការព្រួយបារម្ភ និងបានសំណេះសំណាលយ៉ាងជិតស្និទ្ធ ជាមួយតំណាងប្អូនៗកម្មករ-កម្មការិនី ដោយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការទាក់ទាញអ្នកវិនិយោគ មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដើម្បីបង្កើតទីផ្សារការងារជាច្រើនកន្លែង ជូនបងប្អូនប្រជាពលរដ្ឋ។

លោកបានសង្កត់ធ្ងន់ថា «ប្រសិនបើគ្រាន់តែមានបញ្ហាទំនាស់ ឬអាកប្បកិរិយាមិនសមរម្យ របស់លោកប្រធានរដ្ឋបាល ហើយបងប្អូននាំគ្នាទៅបិទផ្លូវជាតិ ដែលជាខ្សែដង្ហើមសេដ្ឋកិច្ចដឹកជញ្ជូនគ្រប់បែបយ៉ាងរបស់យើងនោះ តើនរណាជាអ្នកទទួលខុសត្រូវ? ទង្វើរបស់កូនៗក្មួយៗ កម្មករ-កម្មការិនី ដែលបានធ្វើនាព្រឹកមិញនេះ ធ្វើឱ្យអ្នកវិនិយោគក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតមិនពេញចិត្តនោះទេ។ សូមកុំបន្តធ្វើទង្វើបែបនេះទៀត មានការអ្វីយើងអាចនិយាយគ្នាបាន។»

លោកអភិបាលខេត្ត បានបន្ថែមថា «ឥឡូវនេះ រឿងបុគ្គល ផុង សុខា អតីតប្រធានរដ្ឋបាលរោងចក្រ គឺគាត់បានស្ម័គ្រចិត្តលាឈប់ពីការងារហើយ ដូច្នេះបងប្អូនកូនក្មួយទាំងអស់សូមស្ងប់ចិត្ត ហើយកុំខកខានមកបំពេញការងារនៅថ្ងៃស្អែកឱ្យសោះ។"

ជាមួយគ្នានោះ លោកអភិបាលខេត្ត ខូយ រីដា ក៏បានផ្តល់នូវទំនុកចិត្ត ដល់តំណាងបងប្អូនកម្មករ-កម្មការិនី ដោយបានផ្តល់លេខទូរស័ព្ទផ្ទាល់ខ្លួនទាំង៣ខ្សែ របស់លោក ជូនដល់កម្មករ-កម្មការិនី ដើម្បីអាចទំនាក់ទំនង រាយការណ៍ ឬសុំកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាផ្សេងៗ បានទាន់ពេលវេលានៅថ្ងៃខាងមុខ។

ភាគីតំណាងរោងចក្រ បានបញ្ជាក់ថា ថ្វីត្បិតតែ លោក ផុង សុខា អតីតប្រធានរដ្ឋបាល មានបញ្ហាខ្វះចន្លោះខ្លះ ប៉ុន្តែក៏មានចំណុចខ្លាំង និងបានបន្សល់ទុកនូវស្នាដៃផងដែរ។ កន្លងមកលោក ផុង សុខា ជាអ្នករៀបចំឱ្យកម្មករជាច្រើននាក់ បានទៅសិក្សាបច្ចេកទេសនៅប្រទេសចិន។ ហើយរូបលោកដែលជាតំណាងរោងចក្រ ក៏គាំទ្រ និងចង់ឃើញកូនៗប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ មានឱកាសឡើងដឹកនាំ និងគ្រប់គ្រងកម្មករខ្មែរដូចគ្នា។ យ៉ាងណាមិញ ដើម្បីបញ្ចប់បញ្ហានេះ លោក ផុង សុខា បានសម្រេចចិត្តលាលែងពីតំណែងហើយ ហើយរោងចក្រសូមអំពាវនាវឱ្យបងប្អូនកម្មករទាំងអស់ វិលត្រឡប់មកបំពេញការងារវិញជាធម្មតា ចាប់ពីថ្ងៃស្អែកតទៅ។

ក្រោយទទួលបានដំណោះស្រាយដ៏សមស្រប និងការសម្របសម្រួលយ៉ាងកក់ក្តៅ ពីលោកអភិបាលខេត្ត ខូយ រីដា បងប្អូនកម្មករបានថ្លែងអំណរគុណ និងយល់ព្រមបញ្ឈប់សកម្មភាពតវ៉ាបិទផ្លូវជាតិលេខ៥ ដោយសន្យាចូលធ្វើការងារវិញដោយរលូន និងមិនឱ្យមានព្រឹត្តិការណ៍បិទផ្លូវបែបនេះ កើតមានឡើងទៀតឡើយ។

កិច្ចអន្តរាគមន៍ដោះស្រាយយ៉ាងឆាប់រហ័ស ប្រកបដោយហេតុផល និងក្តីអាណិតស្រឡាញ់នេះ មិនត្រឹមតែជួយការពារផលប្រយោជន៍ និងឆ្នាំងបាយរបស់បងប្អូនកម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរក្សាបាននូវស្ថិរភាព បរិយាកាសវិនិយោគ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូលផងដែរ៕

Ti Amo (ពស)