កម្ពុជា តវ៉ាចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់ដោយយោធាថៃ មកលើអធិបតេយ្យភាពកម្ពុជា ក្នុងតំបន់មួយចំនួនដែលកាន់កាប់ដោយខុសច្បាប់ (Video inside)
08-09-2026 20:52
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀតចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់ដោយប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក្នុងតំបន់មួយចំនួនដែលកាន់កាប់ដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥មក។
កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានវាយកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋខ្មែរចំនួន២ខ្នង នៅតំបន់បឹងត្រកួន ស្ថិតក្នុងភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា។ បន្ទាប់ពីបានវាយកម្ទេចរួចកងកម្លាំងប្រដាប់អាវុធថៃ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ឈូសឆាយដីលើកទំនប់ ដើម្បីត្រៀមសាងសង់សំណង់យោធារឹងមាំអចិន្ត្រៃយ៍។
ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានបញ្ជូនគ្រឿងចក្រធុនធ្ងន់ ដើម្បីសាងសង់លេណដ្ឋានយោធានៅបរិវេណវត្តអូរខ្លាឃ្មុំ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា។
ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានប្រើប្រាស់គ្រឿងម៉ាស៊ីនជីកអណ្តូងទឹកមួយកន្លែងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយនៅថ្ងៃទី៧ ខែកញ្ញានេះដែរ កងកម្លាំងប្រដាប់អាវុធថៃ ក៏បានវាយបំផ្លាញសំណង់ស៊ីវិលកម្ពុជា ក្នុងភូមិព្រៃចាន់ ស្ថិតក្នុងឃុំ និងស្រុកខាងលើនេះ។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ទ័ពជើងអាកាសថៃ Prapas Somchaidee បាននាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសថៃ (AOT-TH) រួមនឹងអ្នកសារព័ត៌មានថៃ និងបរទេស មកពិនិត្យអគារមួយចំនួនស្ថិតនៅទិសអាគ្នេយ៍ នៃសណ្ឋាគារ រ៉ូយ៉ាល់ អូរស្មាច់ និងរីស៊ត (Royal O Smach Hotel and Resort) ស្ថិតក្នុងសង្កាត់អូរសាច់ ខេត្តឧត្តរមានជ័យ ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃ រំលោភចូលកាន់កាប់ដោយខុសច្បាប់តាំងពីខែធ្នូ ឆ្នាំ២០២៥មក។
ការចូលមកទីតាំងទាំងនោះដោយគ្មានការអនុញ្ញាត គឺស្មើនឹងសកម្មភាពខុសច្បាប់នៃការអនុវត្តអំណាចរដ្ឋបាលរបស់ថៃ មកលើដែនដីកម្ពុជា។ កម្ពុជាបដិសេធដាច់ខាតចំពោះការយកលេស បង្ក្រាបបទល្មើសដើម្បីរំលោភបំពានដែនដីរបស់កម្ពុជា។
សកម្មភាពដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាទាំងនេះ គឺបំពានអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ច ព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
កម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដី ជាឯកតោភាគីដោយប្រទេសថៃនោះឡើយ។ សកម្មភាពខុសច្បាប់ដែលបានរៀបរាប់ខាងលើ នឹងមិនប៉ះពាល់ ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យប្រទេសថៃ បញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងអស់ ព្រមទាំងគោរព នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថាខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕




