រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ (Video inside)
08-09-2026 19:43
(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ដែលនាំចូលផលិតផលឧបភោគបរិភោគខូចគុណភាព ជាពិសេសសាច់ជ្រូក ដែលមានប្រភពពីប្រទេសថៃ ហើយឆ្លងកាត់តាមព្រំដែនប្រទេសឡាវចូលមកកម្ពុជា។
ការព្រមាននេះ បន្ទាប់ពីបែកធ្លាយព័ត៌មានកាលពីថ្ងៃទី៧ កញ្ញា ម្សិលមិញ ថា មានអ្នកនាំចូលសាច់ជ្រូកកកខូចគុណភាព ដែលផុតកំណត់ជិតមួយឆ្នាំហើយ ពីថៃមកកម្ពុជា ឆ្លងកាត់តាមឡាវ ដែលអាចនឹងប៉ះដល់សុខភាពរបស់ប្រជាពលរដ្ឋ។
លោកបានចាត់ទុកទង្វើនេះថា ដូចជាការនាំយកជំងឺ ឬមេរោគមកឲ្យប្រជាពលរដ្ឋខ្មែរយើងបរិភោគ។ លោកបានណែនាំអាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងចាត់វិធានការតាមផ្លូវច្បាប់ជាដាច់ខាតចំពោះអ្នកពាក់ព័ន្ធនឹងបទល្មើសនេះ ដោយគ្មានការលើកលែងឡើយ។
លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានអំពាវនាវឲ្យមានការផ្សព្វផ្សាយព័ត៌មាននេះឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់បានដឹង និងចូលរួមទប់ស្កាត់បញ្ហាផ្សេងៗដែលកើតឡើងនៅកម្ពុជា។
លោកអភិសន្តិបណ្ឌិត ស សុខា ណែនាំបែបនេះ ធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាភ្នំពេញ។
សូមស្តាប់ប្រសាសន៍បន្ថែមរបស់ ឧបនាយករដ្ឋមន្ត្រី ស សុខា៖











