មន្ត្រីជាន់ខ្ពស់៖ ការកសាង និងការអភិវឌ្ឍសមត្ថភាព មន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ជាការងារចាំបាច់ដែលគ្រប់ក្រសួងស្ថាប័ន ត្រូវបន្តបង្កើនការចូលរួម និងយកចិត្តទុកដាក់ខ្ពស់
08-09-2026 19:36
(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា ការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ គឺជាការងារចាំបាច់ ដែលគ្រប់ក្រសួងស្ថាប័ន ត្រូវបន្តបង្កើនការចូលរួម និងការយកចិត្តទុកដាក់ខ្ពស់។
ការលើកឡើងរបស់បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ធ្វើឡើងក្នុងឱកាសចូលរួមជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈយោគយល់រវាង វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ការចុះអនុស្សរណៈយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើការកសាងគុណវុឌ្ឍិវិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាពលើជំនាញ សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនសវនករផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់នេះ បង្ហាញពីការយកចិត្តទុកដាក់រួមគ្នា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងមហាផ្ទៃ លើការកសាង និង ការអភិវឌ្ឍសមត្ថភាព ជូនមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុ ជាពិសេស សវនករផ្ទៃក្នុង ដើម្បីរួមចំណែកគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង កម្មវិធីកែទម្រង់គន្លឹះៗដទៃទៀត របស់រាជរដ្ឋាភិបាល ដែលតែងចាត់ទុក ការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព សំដៅសម្រេចចក្ខុវិស័យ «ប្រែក្លាយកម្ពុជាឆ្ពោះទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០»។
លោកបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមថា បច្ចុប្បន្ន ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតក្នុងដំណាក់កាលទី៤ ជាដំណាក់កាលចុងក្រោយ ក្នុងគោលដៅគឺ គណនេយ្យភាពសមិទ្ធកម្ម ដែលសិទ្ធិអំណាច ភាពជាម្ចាស់ និង ការទទួលខុសត្រូវកាន់តែច្រើន ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវបានផ្ទេរទៅឱ្យក្រសួងស្ថាប័ន និង មន្ទីរអង្គភាពក្រោមឱវាទ គ្រឹះស្ថានសាធារណរដ្ឋបាល និង រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការអនុវត្តអង្គភាពថវិកា ថវិកាព័ត៌មានសមិទ្ធកម្ម និង កិច្ចព្រមព្រៀងសមិទ្ធកម្ម ព្រមជាមួយនឹងការដាក់ឱ្យអនុវត្តជាផ្លូវការនូវ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលជាឆ្លឹងខ្នងនៃកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ផ្អែកតាមការវាយតម្លៃ និង បទពិសោធអន្តរជាតិ, ការសម្រេចជោគជ័យនៃដំណាក់កាលចុងក្រោយ គឺពឹងអាស្រ័យជាចាំបាច់ ទៅនឹងសមត្ថភាពធនធានមនុស្ស និង ការចូលរួមអនុវត្ត ប្រកបដោយបុរេសកម្ម និង សកម្មក្នុងភាពជាម្ចាស់ និង ដោយឆន្ទៈមុតមាំ ពីគ្រប់ក្រសួងស្ថាប័ន ដោយហេតុថាការកែទម្រង់នេះ មានវិសាលភាពកាន់តែទូលាយ និង ស្មុគស្មាញ ហើយមានភាពប្រទាក់ក្រឡាទៅនឹងកម្មវិធីកែទម្រង់គន្លឹះសំខាន់ៗ ដទៃទៀតរបស់រាជរដ្ឋាភិបាល ។ ក្នុងន័យនេះ, ការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ គឺជាការងារចាំបាច់ ដែលគ្រប់ក្រសួងស្ថាប័ន ត្រូវបន្តបង្កើនការចូលរួម និង ការយកចិត្តទុកដាក់ខ្ពស់ ។
លោក រស់ វរុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានដើរតួនាទីជាសេនាធិការ និង ជាភ្នែកជាច្រមុះក្នុងការត្រួតពិនិត្យ វាយតម្លៃ និង បង្ការរាល់ហានិភ័យនានា ក្នុងការប្រើប្រាស់ថវិកាជាតិ ការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ធនធានមនុស្ស និង ប្រតិបត្តិការផ្សេងៗ របស់បណ្តាអង្គភាពស្ថិតក្រោមដែនសមត្ថ កិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។ ក្នុងន័យនេះ, ដើម្បីបំពេញបេសកកម្មនេះឱ្យទទួលបានជោគជ័យ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង មិនអាចខ្វះបានឡើយនូវ «ធនធានមនុស្ស» ដែលមានសមត្ថភាពពិតប្រាកដ មានក្រមសីលធម៌វិជ្ជាជីវៈ និង ដើរទាន់ការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន ។
លោកបានថ្លែងអំណរគុណចំពោះវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលតែងសម្របសម្រួល និង ផ្តល់ការបណ្តុះបណ្តាល ជូនមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ។
លោកបានបង្ហាញជំនឿមុតមាំថា អនុស្សរណៈនៃការយោគយល់គនេះ នឹងមិនមែនត្រឹមតែជាស្មារតីរួម លើក្រដាសប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាសកម្មភាពជាក់ស្ដែង ក្នុងការជំរុញការកសាងសមត្ថភាពមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ឱ្យកាន់តែខ្លាំងក្លា បង្កើតបានជាផ្លែផ្ការហ័សទាន់ចិត្ត និង រួមចំណែកយ៉ាងពិតប្រាកដ ដល់ការកសាងអភិបាលកិច្ចល្អ នៅក្នុងស្ថាប័នរដ្ឋ ។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់ថា ការចុះអនុស្សរណៈនៃការយោគយល់វាង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ នាថ្ងៃនេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែង ប្រកបដោយបុរេសកម្ម និង សកម្ម និង បង្កើតឡើងនូវកាលានុវត្តភាព និង ជាគំរូថ្មីមួយ ក្នុងការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ លើការបណ្តុះបណ្តាល និង វិក្រឹតការ សំដៅលើកកម្ពស់ការកសាងគុណវុឌ្ឍិវិជ្ជាជីវៈ និង ការអភិវឌ្ឍសមត្ថភាព ជូនមន្ត្រីអនុវត្តហិរញ្ញវត្ថុសាធារណៈ ជាពិសេស សវនករផ្ទៃក្នុង សម្រាប់ចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ឱ្យសម្រេចជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។
លោកបណ្ឌិតសភាចារ្យ បានគាំទ្រ និង លើកទឹកចិត្តដល់អង្គភាពទាំងពីរ ឱ្យបន្តកិច្ចសហការជិតស្និទ្ធ សំដៅជំរុញការអនុវត្តការកសាងគុណវុឌ្ឍិវិជ្ជាជីវៈ និង ការអភិវឌ្ឍសមត្ថភាព លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ឱ្យទទួលជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង ទាន់ពេល៕








