ក្រុមប្រឹក្សាធម្មនុញ្ញ នឹងពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
08-09-2026 17:39
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលលិខិតលេខ ២៣៥ រ.ស ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
លិខិតនេះស្នើសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ និងព្រឹទ្ធសភាបានពិនិត្យ និងផ្តល់យោបល់ឯកភាពទាំងស្រុងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។
ក្រុមប្រឹក្សាធម្មនុញ្ញ បាននឹងកំពុងអនុវត្តនីតិវិធីដើម្បីពិនិត្យ និងសម្រេចលើសំណើខាងលើស្របតាមបទប្បញ្ញត្តិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ដោយរួមមានជាអាទិ៍៖
ទី១៖ អញ្ជើញតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីមកបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញ លើចំណុចមួយចំនួនពាក់ព័ន្ធនឹងសំណើខាងលើ នៅទី៩ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង៩:០០នាទី នៅអគារសវិមានរដ្ឋចំការមន។
ទី២៖ នឹងបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពរបស់លោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើខាងលើ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង៩:០០នាទី នៅអគារសវិមានរដ្ឋចំការមន៕

