ផ្អាកតួនាទីប្រធានពន្ធនាគារខេត្តប៉ៃលិន និងមន្រ្តី៣នាក់ ក្រោយធ្លាយវីដេអូអ្នកទោសប្រើហិង្សាដាក់គ្នា (Video inside)
08-09-2026 16:28
(ប៉ៃលិន)៖ ប្រធានពន្ធនាគារខេត្តប៉ៃលិនលោក កូវ កឿត និងមន្រ្តី៣នាក់ទៀត ត្រូវបានឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចផ្អាកតួនាទី ក្រោយមានភាពមិនប្រក្រតីលើការងារនៅក្នុងពន្ធនាគារ ដោយសារមានបាតុភាពអ្នកជាប់ឃុំ បានប្រើហិង្សាដាក់គ្នាយ៉ាងអនាធិបតេយ្យ ហើយវីដេអូ នៃការប្រើហិង្សាទាំងនេះ ត្រូវបានចែកចាយតាមបណ្តាញសង្គម។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះថា លោក កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន និងមន្រ្តី៣នាក់ទៀត រួមមាន៖ លោក សុប ពិសិទ្ធ អនុប្រធានការិយាល័យប្រតិបត្តិ, លោក សុខ អ៊ា អនុប្រធានការិយាល័យសន្តិសុខពន្ធនាគារ និងលោក ទូច រក្សា ប្រធានផ្នែកសុខាភិបាល ត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្រេចផ្អាកតួនាទី ដោយសារភាពមិនប្រក្រតី លើការងារគ្រប់គ្រងអ្នកទោស។
បើតាមលោក ទូច សុខៈ, វីដេអូនៃការប្រើហិង្សាដែលត្រូវបានបែកធ្លាយតាមបណ្តាញសង្គមនោះ បានកើតឡើងកាលពីខែមិថុនា ឆ្នាំ២០២៦មកម្ល៉េះ។
នៅថ្ងៃ៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ឯក គា ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានស្តីទីពន្ធនាគារខេត្តប៉ៃលិន៕



