អ.វ.ត.ក. រៀបចំបាឋកថាស្តីពីយុត្តិធម៌ និងសន្តិភាព ជូនមន្ត្រី និងនិស្សិតសាកលវិទ្យាល័យការពារជាតិ
08-09-2026 16:18
(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំបាឋកថាស្តីពី «ការចូលរួមចំណែករបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងដំណើរការស្វែងរកយុត្តិធម៌ ការផ្សះផ្សាជាតិ និងសន្តិភាព» ជូនដល់មន្ត្រី និងនិស្សិតនៃសាកលវិទ្យាល័យការពារជាតិសរុបប្រមាណ ៤៥០នាក់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រកម្ពុជា ការស្វែងរកយុត្តិធម៌ ការផ្សះផ្សាជាតិ និងការកសាងសន្តិភាពប្រកបដោយចីរភាព។
នាឱកាសនោះ ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ បានមានប្រសាសន៍ថា ការរៀបចំបាឋកថានាពេលនេះ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់មន្ត្រី នាយទាហាន និងនិស្សិត ក្នុងការសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់កម្ពុជា ព្រមទាំងដំណើរការស្វែងរកយុត្តិធម៌ និងការផ្សះផ្សាជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិ។
ឧត្តមសេនីយ៍ឯក ដោក សុផា បានថ្លែងអំណរគុណចំពោះ អ.វ.ត.ក. ដែលបានរៀបចំកម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃនេះ ដល់មន្ត្រី និងនិស្សិតនៃសាកលវិទ្យាល័យការពារជាតិ។ លោកបានលើកឡើងថា ចំណេះដឹងអំពីប្រវត្តិសាស្ត្រ យុត្តិធម៌ និងការផ្សះផ្សាជាតិ នឹងរួមចំណែកបណ្តុះស្មារតីទទួលខុសត្រូវ ស្មារតីស្នេហាជាតិ និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីតួនាទីរបស់នាយទាហានក្នុងការការពារសន្តិភាព សន្តិសុខ និងស្ថិរភាពរបស់ប្រទេសជាតិ។
ជាមួយគ្នានេះ លោក ហែម ក្រាញ់តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. បានមានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះថា ការស្វែងរកយុត្តិធម៌ និងការផ្សះផ្សាជាតិ គឺជាដំណើរការដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងមិនអាចបំបែកចេញពីគ្នាបាន។
លោកបានបញ្ជាក់ថា ការផ្សះផ្សាជាតិប្រកបដោយចីរភាព មិនអាចសម្រេចបានតាមរយៈការបំភ្លេចអតីតកាលនោះទេ ប៉ុន្តែត្រូវផ្អែកលើការទទួលស្គាល់ការពិត ការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងការផ្តល់យុត្តិធម៌សមស្របជូនជនរងគ្រោះ។ កត្តាទាំងនេះ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការកសាងទំនុកចិត្ត សាមគ្គីភាព និងសន្តិភាពយូរអង្វែងនៅក្នុងសង្គមកម្ពុជា។
លោក ហែម ក្រាញ់តូនី ក៏បានលើកឡើងពីសារៈសំខាន់នៃការបន្តផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងអំពីការងាររបស់ អ.វ.ត.ក. ជាពិសេសដល់យុវជន និងអ្នកជំនាន់ក្រោយ ដើម្បីឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់អំពីអតីតកាល តម្លៃនៃយុត្តិធម៌ និងសារៈសំខាន់នៃការថែរក្សាសន្តិភាព ដែលកម្ពុជាបានខិតខំសម្រេច និងថែរក្សារហូតមកដល់បច្ចុប្បន្ន។
ក្នុងបទបង្ហាញ លោក ស្ងួន សុធារិទ្ធ មន្ត្រីផ្នែកច្បាប់នៃ អ.វ.ត.ក. បានបញ្ជាក់ថា អ.វ.ត.ក. បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតវេទិកាមួយសម្រាប់បង្ហាញការពិតអំពីរបបខ្មែរក្រហម និងផលវិបាកនៃឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងអតីតកាល ព្រមទាំងបានចូលរួមក្នុងការលុបបំបាត់និទណ្ឌភាព និងជំរុញការទទួលខុសត្រូវចំពោះមុខច្បាប់។
កម្មវិធីបាឋកថានេះ ក៏បានបង្ហាញពីសារៈសំខាន់នៃការភ្ជាប់គ្នារវាង ការសិក្សាប្រវត្តិសាស្ត្រ ការស្វែងរកយុត្តិធម៌ ការផ្សះផ្សាជាតិ និងការកសាងសន្តិភាព។ ទន្ទឹមនឹងនេះ កម្មវិធីក៏បានរួមចំណែកបណ្តុះស្មារតី និងការយល់ដឹងដល់មន្ត្រី នាយទាហាន និងនិស្សិត ឱ្យយល់កាន់តែច្បាស់អំពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការចូលរួមថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពជាតិ។
ក្នុងឱកាសនោះ មន្ត្រី និងនិស្សិតដែលបានចូលរួមទាំងអស់ ក៏បានសិក្សាស្វែងយល់បន្ថែមអំពីសមិទ្ធផល និងការងារសំខាន់ៗរបស់ អ.វ.ត.ក. តាមរយៈបទបង្ហាញ ការតាំងបង្ហាញរូបថតអំពីដំណើរការជំនុំជម្រះក្តីរបស់ អ.វ.ត.ក. ការទស្សនាមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត ព្រមទាំងឯកសារ និងសម្ភារព័ត៌មានផ្សេងៗ ដែលត្រូវបានចែកជូនអ្នកចូលរួមផងដែរ។
កម្មវិធីនេះ បានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ អ.វ.ត.ក. ក្នុងការបន្តចែករំលែកចំណេះដឹង និងមេរៀនដែលទទួលបានពីដំណើរការស្វែងរកយុត្តិធម៌ ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹងជាសាធារណៈ បណ្តុះការចងចាំប្រវត្តិសាស្ត្រ និងរួមគ្នាកសាងអនាគតមួយដែលប្រកបដោយសន្តិភាព យុត្តិធម៌ និងការផ្សះផ្សាជាតិដ៏រឹងមាំ៕




















