លោក លន់ សុផាត ជួបសំណេះសំណាល និងរង្វាន់ប្រគល់ម៉ូតូលើកទឹកចិត្តដល់សិស្សនិទ្ទេស A ចំនួន៤នាក់ នៅស្រុកបាធាយ ខេត្តកំពង់ចាម
08-09-2026 15:32
(កំពង់ចាម)៖ លោក លន់ សុផាត ទីប្រឹក្សាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ចំនួន៤នាក់ មកពីវិទ្យាល័យក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោក លន់ សុផាត បានសម្តែងការអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំងចំពោះសិស្សទាំង៤នាក់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អប្រសើរ ដោយទទួលបាននិទ្ទេស A ដែលជាសមិទ្ធផលដ៏គួរឱ្យមោទនភាពសម្រាប់ខ្លួនឯង ក្រុមគ្រួសារ គ្រឹះស្ថានសិក្សា និងស្រុកបាធាយទាំងមូល។
លោកបានថ្លែងលើកទឹកចិត្តដល់សិស្សានុសិស្សទាំង៤ ឱ្យបន្តខិតខំសិក្សារៀនសូត្រនៅថ្នាក់ឧត្តមសិក្សា ដោយជ្រើសរើសជំនាញដែលសមស្របទៅនឹងសមត្ថភាព និងចំណង់ចំណូលចិត្តរបស់ខ្លួន ព្រមទាំងបន្តរក្សាសីលធម៌ វិន័យ និងការខិតខំប្រឹងប្រែង ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ស្រុកបាធាយ ខេត្តកំពង់ចាម ក៏ដូចជាសង្គមជាតិនាពេលអនាគត។
ជាមួយគ្នានេះ លោក លន់ សុផាត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអាណាព្យាបាលរបស់សិស្សទាំង៤នាក់ ដែលបានយកចិត្តទុកដាក់ចិញ្ចឹមបីបាច់ ថែទាំ និងជំរុញកូនៗឱ្យខិតខំរៀនសូត្រ រហូតទទួលបានសមិទ្ធផលដ៏ល្អប្រសើរនាពេលនេះ។
លោកបានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា ដែលបានខិតខំបំពេញតួនាទីក្នុងការអប់រំ ផ្តល់ចំណេះដឹង និងជំរុញសិស្សានុសិស្សឱ្យមានសមត្ថភាព រហូតអាចទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការទទួលបាននិទ្ទេស A របស់សិស្សទាំង៤នាក់នេះ៕




















