មន្រ្តីជាន់ខ្ពស់សង្គមកិច្ច លើកទឹកដល់វិស័យឯកជន ឱ្យបង្កើតមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយឈរលើគោលការណ៍មនុស្សធម៌
08-09-2026 15:13
(ភ្នំពេញ)៖ លោក ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារស្តារនីតិសម្ប ទាអ្នកញៀនគ្រឿងញៀន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ នាព្រឹកថ្ងៃ០៧ ខែកញ្ញា ឆ្នាំ២០២៦។
ការបើកកិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីមានការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញពីលោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើការងារស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅតាមមជ្ឈមណ្ឌលរដ្ឋ ឯកជន និងអង្គការមិនមែនរាជរដ្ឋាភិបាល។
លោក ជា ចំណាន បានបញ្ជាក់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន និងកំពុងពង្រីកនិងពង្រឹងសមត្ថភាពដល់មជ្ឈមណ្ឌល សម្រាប់អប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទារបស់រដ្ឋបន្ថែមទៀត និងការជំរុញលើកទឹកដល់វិស័យ ឯកជន ឱ្យបង្កើតមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅតាមរាជធានី ខេត្ត ដើម្បីរួមចំណែកក្នុងការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទា និងគ្រប់គ្រង ជនរងគ្រោះ ស្របតាមគោលការណ៍ណែនាំ បទដ្ឋានគតិយុត្តជាធរមាន ដោយឈរលើគោលការណ៍មនុស្សធម៌។
លោកបានបន្តទៀតថា ទោះបីជាយើងបានខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ក៏ដោយ ក៏យើងមិន អាចធ្វេសប្រហែសនឹងកិច្ចការរបស់យើងឡើយ គឺយើងត្រូវបន្តរួមគ្នាចូលរួម និងពង្រឹងការអនុវត្តផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ “ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃគ្រឿងញៀន ព្រមទាំងកសាងសង្គមដែលមានសុខុមាលភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងការពារកិត្តិយស កិត្យានុភាពជាតិ” ដើម្បីឱ្យផែនការនេះកាន់តែមានប្រសិទ្ធ ភាព និងសម្រេចបានលទ្ធផលកាន់តែប្រសើរឡើងថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ លោកក៏បានធ្វើការផ្តាំផ្ញើ និងផ្តល់ការណែនាំបន្ថែមទៀត ដល់មជ្ឈមណ្ឌលរដ្ឋ ឯកជន និងអង្គការមិនមែនរាជរដ្ឋាភិបាលដូចខាងក្រោមនេះ ៖
១៖ គ្រប់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ទាំងរដ្ឋ ឯកជន និងរអង្គការមិនមែនរដ្ឋាភិបាល ត្រូវពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាជូនជនរងគ្រោះ រួមទាំងការងារគ្រប់គ្រង ករណី និងសមាហរណកម្ម ឱ្យសមស្របតាមបទដ្ឋាន គោលការណ៍ណែនាំ និងនីតិវិធីប្រតិបត្តិ។
២៖ ត្រូវមានយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងត្រូវចុះត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការរអនុវត្តគោលការណ៍ណែនាំ ស្តីពីការព្យាបាល ស្តារនីតិសម្បទា និងសមហរណកម្មអ្នកញៀនគ្រឿងញៀន និងបទដ្ឋានអប្បរមារ សម្រាប់ការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
៣៖ ពោះមណ្ឌលឯកជន សូមចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយពិនិត្យមើលលទ្ធភាពក្នុងការរៀបចំគោលការណ៍ ដោយឡែកសម្រាប់ការព្យាបាល និងស្តារនីតិសម្បទាជនរងគ្រោះ ដោយសារការប្រើប្រាស់គ្រឿងញៀន ដែលក្រីក្រ អនាថាគ្មានទីពឹង ដោយមិនយកកម្រៃសេវា ដោយឈរលើគោលការណ៍មនុស្សធម៌។
៤៖ គ្រប់មជ្ឈមណ្ឌលទាំងអស់ ត្រូវរៀបចំឱ្យមានកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី បុគ្គលិករបស់ខ្លួននិងការបណ្តុះបណ្តាល អ្នកដែលបានព្យាបាលរួចជាហើយ។
៥៖ ចំពោះដំណើការរបស់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទារបស់ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលដែលបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការជួយដល់ជនរងគ្រោះពីការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា៕














