FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ

08-09-2026 15:10

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយកខុទ្ទកាល័យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦នេះ កញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា មានចំនួន ៤ ១៣០.៨ពាន់លានរៀល គិតជាប្រាក់ដុល្លារជាង ១ពាន់លានដុល្លារ (ឬស្មើនឹង ១៦.៨%ធៀបនឹងចំណាយ ចរន្តថ្នាក់ជាតិ)។

លោកបណ្ឌិត អ៊ុង បូរាត បានថ្លែងដូចនេះនាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតី បើកវេទិកាសាធារណៈស្តីពី «ថវិកាអប់រំប្រចាំឆ្នាំ២០២៦» និងពិធីផ្សព្វផ្សាយជាផ្លូវការ «របាយការណ៍នៃកម្មវិធីអន្តរជាតិស្ដីពី រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស ឆ្នាំ២០២៥ (PISA-2025) របស់ប្រទេសកម្ពុជា» សណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ លោកស្រី ប្រធានអង្គភាព តំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

លោកបណ្ឌិត អ៊ុង បូរាត បានថ្លែងដូចនេះថា «សម្រាប់ឆ្នាំ២០២៦នេះ កញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា មានចំនួន ៤ ១៣០.៨ពាន់លានរៀល (ឬស្មើនឹង ១៦.៨%ធៀបនឹងចំណាយ ចរន្តថ្នាក់ជាតិ) ដែលក្នុងនោះចំណាយលើបន្ទុកបុគ្គលិក ៧៩.៥% និងនៅសល់ប្រមាណ ២០.៥% តែប៉ុណ្ណោះ សម្រាប់ការចំណាយក្រៅបន្ទុកបុគ្គលិកដូចជា៖ មូលនិធិដំណើរការ សាលារៀន ថវិកាអាហារូបករណ៍សិស្សក្រីក្រ ការផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់ កសិផលក្នុងសហគមន៍ ថវិកាគាំទ្រមត្តេយ្យសិក្សាសហគមន៍ ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ។

ទន្ទឹមនេះក្រសួងអប់រំ បានផ្ទេរថវិកាទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានឥណទានសរុបចំនួន ១ ៨៥៨.៤ពាន់លានរៀល ស្មើនឹង ៣៩.៧% នៃឥណទានចំណាយចរន្តសរុប ក្នុងនោះបន្ទុកបុគ្គលិកចំនួន ៩៣.៨% និងក្រៅបន្ទុកបុគ្គលិកចំនួន ៦.១%។

លោកបណ្ឌិត អ៊ុង បូរាត បានប​ញ្ជាក់ទៀតថា តាមរយៈការអនុវត្តថវិកាអប់រំនាពេលកន្លងមក បានគាំទ្រដល់ការអនុវត្តកម្មវិធី កំណែទម្រង់អប់រំ ក្នុងរយៈពេលជាង ១០ឆ្នាំនេះ ដោយបានផ្លាស់ប្តូរទាំងលទ្ធភាពនៃការទទួល បានសេវាអប់រំគ្រប់កម្រិត ការផ្លាស់ប្តូរវប្បធម៌សាលារៀន និងគុណភាពនៃប្រព័ន្ធអប់រំនៅកម្ពុជា។

លោកបណ្ឌិត បានបញ្ជាក់ទៀតថា គុណភាព គណនេយ្យភាព និងនវានុវត្តន៍ ដែលយើងទទួលបានពីកំណែទម្រង់នានា បាននិងកំពុងឆ្លើយតបទៅនឹងតម្រូវការនាយុគសម័យសេដ្ឋកិច្ចឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបានកំណត់ថា ការអភិវឌ្ឍធនធានមនុស្សជាអាទិភាព ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ជារួមលោកបណ្ឌិត អ៊ុង បូរាត បានបញ្ជាក់ដែរថា ក្នុងរយៈពេលប្រមាណជាង ១០ឆ្នាំចុងក្រោយនេះ ចាប់តាំងពីកំណែទម្រង់ ស៊ីជម្រៅ និងតាមរយៈលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ ២០១៤ វិស័យអប់រំនៅ កម្ពុជាបានឈានជើងចូលដល់ដំណាក់កាលផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយទទួលបាននូវវឌ្ឍនភាពជាច្រើនទាំងបរិមាណវិស័យ និងគុណវិស័យផងដែរ៕