រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ
08-09-2026 14:37
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅសាលប្រជុំកោះសំពៅមាស។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងលោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីប្រតិភូអមដំណើរ លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព និងប្រធានការិយាល័យ នៃរដ្ឋបាលសាលាខេត្តយ៉ាងកុះករ។
ថ្លែងក្នុងមតិស្វាគមន៍បើកកិច្ចប្រជុំ លោក ហៀម ឃួន អភិបាលរងខេត្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧត្តមសេនីយ៍ឯក ងួន ស្រេង ព្រមទាំងក្រុមការងារសវនកម្មទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម ហ្មត់ចត់ និងប្រកបដោយវិជ្ជាជីវៈខ្ពស់នាពេលកន្លងមក។
លោកបានបញ្ជាក់ថា ដំណើរការសវនកម្មផ្ទៃក្នុងនេះ មិនមែនជាការស្វែងរកកំហុសឆ្គងនោះទេ ប៉ុន្តែជាឱកាសដ៏ល្អក្នុងការស្វែងរកចំណុចខ្វះខាត និងហានិភ័យ ដែលអាចកើតមានដោយអចេតនា ដើម្បីឆ្លើយតប កែលម្អ និងពង្រឹងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង អភិបាលកិច្ច ការគ្រប់គ្រងហិរញ្ញវត្ថុ ធនធានមនុស្ស និងទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាពទ្វេឡើង។ រដ្ឋបាលខេត្តត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលយកនូវរាល់អនុសាសន៍ណែនាំ ដើម្បីរៀបចំផែនការសកម្មភាពកែទម្រង់ និងដោះស្រាយបញ្ហាប្រឈមនានាសម្រាប់អនុវត្តនាឆ្នាំបន្តបន្ទាប់។
លោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយក្រុមការងារសវនកម្ម ធ្វើឱ្យបេសកកម្មចុះធ្វើសវនកម្មប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមផែនការកំណត់។
លោកឧត្តមសេនីយ៍ឯក អគ្គនាយក បានផ្តល់អនុសាសន៍ និងការណែនាំសំខាន់ៗដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តពោធិ៍សាត់ ដូចខាងក្រោម៖
ទី១.ត្រូវយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តតួនាទី ភារកិច្ច និងលិខិតបទដ្ឋានគតិយុត្ត ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពការងារក្នុងស្ថាប័ន។
ទី២.ត្រូវបន្តពង្រឹងកិច្ចបញ្ជីការគណនេយ្យ ការប្រើប្រាស់ថវិកា និងការថែរក្សាទ្រព្យសម្បត្តិរដ្ឋ ឱ្យស្របតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីជៀសវាងនូវរាល់ហានិភ័យ ឬកំហុសឆ្គងបច្ចេកទេសផ្សេងៗ។
ទី៣.ស្នើឱ្យរដ្ឋបាលខេត្តរៀបចំផែនការសកម្មភាពជាក់ស្តែង និងកំណត់ពេលវេលាច្បាស់លាស់ ក្នុងការកែសម្រួលនូវរាល់ចំណុចខ្វះខាតទាំងឡាយ ដែលក្រុមការងារសវនកម្មបានរកឃើញ និងផ្តល់អនុសាសន៍ក្នុងរបាយការណ៍។
ទី៤.ជំរុញឱ្យមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធទាំងអស់ បន្តពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គភាព ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
កិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុងនេះ បានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់៕








