ក្រុមការងារក្រសួងសុខាភិបាល ចុះវាយតម្លៃសុខភាពផ្លូវចិត្តជនជាប់ឃុំនៅពន្ធនាគារខេត្តត្បូងឃ្មុំ
08-09-2026 14:27
(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ពន្ធនាគារខេត្តត្បូងឃ្មុំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនូវក្រុមការងារនាយកដ្ឋានសុខភាពផ្លូវចិត្ត និងបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល។
ដំណើរទស្សនកិច្ចនេះ ត្រូវបានសម្របសម្រួលដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ចេងលី ប៊ុនទី អនុប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា រួមជាមួយអង្គការ ស៊ី អារ អេស (CRS)។
ក្រុមការងារជំនាញនេះ បានបើកកិច្ចប្រជុំពិភាក្សាសំណេះសំណាល និងបន្តចុះអនុវត្តការងារស្រាវជ្រាវ និងវាយតម្លៃស៊ីជម្រៅអំពីស្ថានភាពសុខភាពផ្លូវចិត្តរបស់ជនជាប់ឃុំទាំងអស់នៅក្នុងពន្ធនាគារ។ សកម្មភាពដ៏សំខាន់នេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
ការចុះវាយតម្លៃសុខភាពផ្លូវចិត្តនេះ គឺមានសារៈសំខាន់ណាស់ក្នុងការកំណត់ពីតម្រូវការជាក់ស្តែងរបស់ជនជាប់ឃុំ ដើម្បីផ្តល់នូវការគាំទ្រ និងអន្តរាគមន៍ផ្នែកសុខភាពផ្លូវចិត្តប្រកបដោយប្រសិទ្ធភាព។
នេះក៏ជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់សុខុមាលភាព និងសិទ្ធិមនុស្សរបស់ជនជាប់ឃុំ ស្របតាមគោលការណ៍មនុស្សធម៌ និងស្តង់ដារអន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងនេះ រួមចំណែកដល់ការកែប្រែ និងស្តារនីតិសម្បទាជនជាប់ឃុំឱ្យក្លាយជាពលរដ្ឋល្អឡើងវិញ បន្ទាប់ពីពួកគេបានបញ្ចប់ទោស៕







