FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិត​នៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុត​លើពិភពលោក

08-09-2026 10:47

(ភ្នំពេញ)៖ ជារឿងដ៏រីករាយ និងមោទនភាពយុវជនខ្មែរម្នាក់ទៀតហើយ ទទួលបានឱកាស​សិក្សាថ្នាក់​អនុ​បណ្ឌិតផ្នែកអភិវឌ្ឍន៍នៅសាកលវិទ្យាល័យ Oxford នៅចក្រភពអង់គ្លេស ដែលជាសា​កល​វិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក។ សា​កលវិទ្យាល័យ Oxford ជាកន្លែងបណ្តុះបណ្តាលមេដឹកនាំលើពិភពលោកជាច្រើនរូប មាន​​មេដឹកនាំលើពិភពលោកជាច្រើន ជាពិសេសនៅ​ចក្រភពអង់គ្លេសតែម្តង សុទ្ធតែ​បាន​ឆ្លងកាត់ការសិក្សា។

មានមនុស្សជុំវិញពិភពលោកច្រើនណាស់ប្រាថ្នាចង់សិក្សានៅសាកលវិទ្យាល័យ Oxford តែមិនអាចបំពេញតាមលក្ខខណ្ឌដែលសាកលវិទ្យាល័យតម្រូវ។ ដូច្នេះការដែលយុវជន​ខ្មែរ បានសិក្សានៅសាកលវិទ្យាល័យនេះ គឺជារឿងមួយដ៏កម្រ ហើយក៏ជាឱកាសដ៏វិសេះ​វិសាលសម្រាប់កុលបុត្រខ្មែរ ដែលមានឱកាសក្រេបជញ្ជក់យកចំណេះដឹងពីសាកល​វិទ្យាល័យ Oxford។

សុខ ទីហ៊ុយ ជាយុវជន​ខ្មែរ​មួយរូបដែលបានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ ជា មួយនិទ្ទេស B កាលពីឆ្នាំ២០២១ ជាពេលវេលាដែលជំងឺកូវីដ១៩ កំពុងរាតត្បាតលើ​សា​កល​លោក។ ក្រោយបញ្ចប់ការសិក្សាថ្នាក់ចំណេះដឹងទូទៅនៅកម្ពុជា យុវកំលោះសាច់ស​មាឌ​​ល្អិត ទីហ៊ុយ បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅ​សា​កល​​វិទ្យាល័យ​ Queen Mary នាទីក្រុងឡុងដ៍ ផ្នែកវិទ្យាសាស្ត្រនយោបាយ និង​ការគ្រប់​គ្រង​ធុរកិច្ច។

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ សុខ ទីហ៊ុយ ក៏បានដាក់ពាក្យបន្តការសិក្សារបស់​ខ្លួននៅសាកលវិទ្យាល័យ Oxford ហើយក៏ទទួលបានជោគជ័យតាមការប៉ងប្រាថ្នា។ បើ​តាម សុខ ទីហ៊ុយ ការដែលសាកលវិទ្យាល័យ Oxford ទទួលឱ្យរូបគេសិក្សានេះ ដោយ​ការវាយតម្លៃលើនិទ្ទេសពេលសិក្សាថ្នាក់បរិញ្ញាបត្រ និងបទពិសោធន៍ការងារ ព្រមទាំង​ផ្អែក​លើបំណងនៃការសិក្សាដែលរូបគេបានសរសេរដាក់ជូនសាលា។

នៅសាកលវិទ្យាល័យ Oxford សុខ ទីហ៊ុយ នឹងបន្តការសិក្សាថ្នាក់អនុបណ្ឌិតជាមួយ​មហាវិទ្យាល័យ St Antony ដែលជាមជ្ឈមណ្ឌលនយោបាយ និងប្រវត្តិសាស្ត្រ​សកល​ដ៏ល្បីល្បាញលើពិភពលោក។ ទីហ៊ុយ នឹងចាប់យកជំនាញផ្នែកការអភិវឌ្ឍ​ពាណិជ្ជកម្ម ឧស្សាហកម្ម និងការគ្រប់គ្រងវិបត្តិសេដ្ឋកិច្ចនៅកម្ពុជា។

យុវជនខ្មែរ សុខ ទីហ៊ុយ បានបង្ហាញនូវក្តីរីករាយជាខ្លាំងជាមួយឱកាសនៃការសិក្សានៅ​សាកលវិទ្យាល័យដ៏ល្បាញល្បី និងជាទីប្រាថ្នារបស់អ្នកសិក្សាលើពិភពលោក។ ទីហ៊ុយ ហៅឱកាសមួយនេះ គឺវិសេសវិសាលសម្រាប់រូបគេក្នុងការក្រេបជញ្ជក់យកចំណេះដឹងមក​រួមចំណែកកសាងសង្គមកម្ពុជា ដែលកំពុងត្រូវការចាំបាច់លើកិច្ចអភិវឌ្ឍន៍ និងកំណើន​សេដ្ឋ​​កិច្ច។

សុខ ទីហ៊ុយ នឹងចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ចក្រភពអង់គ្លេស ដើម្បីបន្តការសិក្សា​របស់​គេនៅសាកលវិទ្យាល័យ Oxford ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា កំលុងពេលសិក្សានៅចក្រភពអង់គ្លេសតាំងពីឆ្នាំ២០២២មក មានឱកាស​បំពេញការងារនៅស្ថាប័នដ៏ល្បីក្នុងប្រទេសអង់គ្លេស គឺនៅវិទ្យាស្ថាន Chatham House ក្នុងតួនាទីជាទូតនិស្សិត ទូតនិស្សិតជាន់ខ្ពស់ និងអ្នកស្រាវជ្រាវគោលនយោបាយ។ បំពេញ​ការងារនៅវិទ្យាស្ថាននេះ ទីហ៊ុយ មានឱកាសជួបប្រាស្រ័យទាក់ទងជាមួយមេដឹកនាំ អ្នក​ការទូត អ្នកនយោបាយលើពិភពលោកជាច្រើនរូប។

បម្រើការងារនៅវិទ្យាស្ថាននេះ ក្នុងឆ្នាំ២០២៥កន្លងទៅ សុខ ទីហ៊ុយ ក៏ទទួលបានការចាប់​អារម្មណ៍តាមរយៈវីដេអូឃ្លីបមួយ ដែលគេបានសួរសំណួរពាក់ព័ន្ធគោលនយោបាយទំនាក់​ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ទៅកាន់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង។

ក្រៅពីបំពេញការងារនៅវិទ្យាស្ថានខាងលើហើយនោះ សុខ ទីហ៊ុយ ក៏បានបំពេញកម្ម​សិក្សា​​នៅស្ថាន​ទូតកម្ពុជាប្រចាំទីក្រុងឡុងដ៍, បំពេញកម្មសិក្សានៅខុទ្ទកាល័យអគ្គ​លេខាធិការព្រឹទ្ធសភាកម្ពុជា និងបំពេញការងារនៅខុទ្ទកាល័យអតីតនាយករដ្ឋមន្ត្រី និង​ជាប្រធានបក្សអភិរក្សអង់គ្លេស លោក Rishi Sunak ក្នុងនាមជាពិធីការ រៀបចំមហាសន្និបាតគណៈកម្មាធិការបក្សអភិរក្សប្រចាំឆ្នាំ២០២៤។

ក្រោយសម្រេចបេសកកម្មនោះដោយជោគជ័យ លោក Rishi Sunak ក្នុងនាមជា​ប្រធាន​គណបក្ស និងលោក Richard Fuller ប្រធានគណៈកម្មាធិការកណ្តាលគណបក្ស បាន​ផ្តល់លិខិតថ្លែងអំណរគុណ និងវិញ្ញាបនបត្រសរសើរក្នុងការបំពេញ​បេសកកម្ម​ដ៏ជោគជ័យដល់ សុខ ទីហ៊ុយ៕