ករណីវិវាទក្រុមហ៊ុនសាងសង់បង្គោលភ្លើង និងម្ចាស់ដំណាំដំឡូង នៅខេត្តស្វាយរៀង ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ
08-09-2026 10:29
(ស្វាយរៀង)៖ ទីបំផុតករណីវិវាទរវាងក្រុមហ៊ុនសាងសង់បង្គោលភ្លើងអគ្គិសនីកម្ពុជា និងប្រជាពលរដ្ឋដាំដំឡូងមួយគ្រួសារ នៅឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ បន្ទាប់ពីមានការតវ៉ាពាក់ព័ន្ធនឹងផលប៉ះពាល់ដំណាំ។ ភាគីម្ចាស់ដំឡូងបានព្រមទទួលយកសំណងសមរម្យ។
កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ពលរដ្ឋមួយគ្រួសារនៅភូមិតាខុប ឃុំកំពង់ត្រាច ស្រុករមាសហែក បានឡាយវីដេអូ តាមបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីស្វែងរកអន្តរាគមន៍ពីអាជ្ញាធរ ដោយសារក្រុមហ៊ុនសាងសង់បង្គោលភ្លើង បានចុះធ្វើបង្គោលភ្លើងដោយមិនបានផ្ដល់ដំណឹងជាមុន និងពុំទាន់មានសំណងចំពោះដំណាំដំឡូងដែលត្រូវជីកកកាយ។
ពាក់ព័ន្ធនឹងករណីនេះ លោកមេឃុំកំពង់ត្រាចបានបញ្ជាក់ថា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអគ្គិសនីកម្ពុជា រួមជាមួយក្រុមហ៊ុន s.n.i.t.l ក្រុមហ៊ុន CHMC និងអាជ្ញាធរមូលដ្ឋាន បានជួបជុំពិភាក្សាគ្នាជាមួយម្ចាស់ដីបង្គោល T205 ស្ថិតនៅភូមិតាខុប។ ក្នុងកិច្ចប្រជុំនោះ ម្ចាស់ដីឈ្មោះ ប្រាក់ សារ៉ន បានឯកភាពទទួលយកសំណងផលប៉ះពាល់ដំណាំដំឡូងចំនួន ១ ៥៦០ ៩០០ រៀល។
ជាមួយគ្នានេះ ម្ចាស់ដីក៏បានយល់ព្រមលុបវីដេអូចេញពីបណ្ដាញសង្គម ដើម្បីការពារកុំឱ្យប៉ះពាល់ដល់អគ្គិសនីកម្ពុជា និងបានអនុញ្ញាតឱ្យក្រុមហ៊ុនបន្តការងារសាងសង់បង្គោលភ្លើង ព្រមទាំងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានផងដែរ។ ការដោះស្រាយនេះបង្ហាញពីការទទួលខុសត្រូវរបស់ក្រុមហ៊ុន និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពពីអាជ្ញាធរមូលដ្ឋាន៕






