FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនក្មេងទំនើង​២នាក់ ដែលបង្ហោះម៉ូតូតាមផ្លូវសាធារណៈយកមកអប់រំ

08-09-2026 10:19

(ស្វាយរៀង)៖ កម្លាំងនគរបាលក្រុងស្វាយរៀង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានចុះអន្តរាគមន៍ឃាត់ខ្លួនក្មេងទំនើង ២នាក់ ដែលបានបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ការចុះបង្ក្រាបនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មាន និងវីដេអូតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពមិនប្រក្រតីរបស់ក្រុមយុវជនទាំងនេះ។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងចុះទៅដល់ទីតាំងកើតហេតុ និងបាននាំខ្លួនក្មេងទំនើងទាំង២នាក់រួមមាន៖​ ឈ្មោះ ស៊ឹម ឆៃយ៉ា អាយុ១៥ឆ្នាំ (ជាអ្នកបង្ហោះម៉ូតូ) និងឈ្មោះ ជូ ដេវីន (ហៅញ៉ាញ់) អាយុ១៦ឆ្នាំ (ជាអ្នកជិះពីក្រោយ) មកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរ និងបំភ្លឺ។ យុវជនទាំង២នាក់ បានសារភាពថា ពួកគេពិតជាបានជិះបង្ហោះម៉ូតូម៉ាក SUZUKI NEX នៅចំណុចផ្លូវបេតុង ភូមិរោងបន្លែ ពិតប្រាកដមែន។

បន្ទាប់ពីការសាកសួរ និងដោយមានការឯកភាពពីថ្នាក់ដឹកនាំពាក់ព័ន្ធ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំណែនាំដល់ក្មេងទំនើងទាំង​២នាក់ ឱ្យបញ្ឈប់សកម្មភាពបង្ហោះម៉ូតូ និងសកម្មភាពផ្សេងៗដែលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានេះ អាណាព្យាបាលរបស់ពួកគេក៏ត្រូវបានអញ្ជើញមកធានា និងបន្តអប់រំណែនាំនៅផ្ទះបន្ថែមទៀត។ ចំពោះម៉ូតូដែលប្រើប្រាស់ក្នុងការបង្ហោះ ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង រយៈពេល៣ខែ ដើម្បីជាការព្រមាន និងទប់ស្កាត់បទល្មើសដដែលកុំឱ្យកើតមានឡើងវិញ៕