ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ ស្នើក្រុងនួនសាន់ សហការធ្វើទំនើបកម្មវិស័យកសិកម្ម និងនាំយកបច្ចេកទេសដាំស្ត្របឺរីមកកម្ពុជា
08-09-2026 08:48
(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Baek Seong-hyeon អភិបាលក្រុងនួនសាន់ នៅសាលាក្រុងនួនសាន់ ខេត្តឈុងឆង់ណាមដូ សាធារណរដ្ឋកូរ៉េ។
លោកឯកអគ្គរាជទូត បានសម្តែងការអបអរសាទរចំពោះលោក Baek ដែលត្រូវបានប្រជាពលរដ្ឋក្រុងនួនសាន់ផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនលោក សម្រាប់តំណែងអភិបាលក្រុងនួនសាន់អាណត្តិទី២របស់លោក។
លោក Baek បានជម្រាបជូនលោកឯកអគ្គរាជទូតថា ក្នុងអាណត្តិទី២របស់លោក លោកមានបំណងអភិវឌ្ឍនួនសាន់ ឲ្យក្លាយជាទីក្រុងដែលមានសក្តានុពលផ្នែកឧស្សាហកម្មយោធា និងកសិកម្ម។ លោកបានអញ្ជើញលោកឯកអគ្គរាជទូត ចូលរួមកម្មវិធី «ពិព័រណ៍ឧស្សាហកម្មស្ត្របឺរីពិភពលោកនួនសាន់ ២០២៧ - 2027 Nonsan World Strawberry Industry Expo» នៅដើមឆ្នាំ២០២៧ ខាងមុខនេះផងដែរ។
លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះការអញ្ជើញសម្រាប់កម្មវិធីពិព័រណ៍ខាងលើ និងបានអញ្ជើញលោកអភិបាលក្រុងទៅបំពេញទស្សនកិច្ចនៅកម្ពុជា និងពិភាក្សាអំពីការចងសម្ព័ន្ធមេត្រីជាមួយខេត្តណាមួយក្នុងប្រទេសកម្ពុជា ដែលមានសក្តានុពលស្រដៀងនឹងក្រុងនួនសាន់។
ទន្ទឹមនឹងនេះ ដោយសម្លឹងឃើញពីគម្រោងអភិវឌ្ឍន៍របស់ក្រុងនួនសាន់ លោកក៏បានស្នើសុំក្រុងនួនសាន់សហការក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ពិសេសលើដំណាំឧស្សាហកម្មដូចជា ស្រូវ និងគ្រាប់ស្វាយចន្ទី ជាដើម ព្រមទាំងស្នើលោកអភិបាលក្រុងពិចារណានាំយកបច្ចេកទេសដាំដុះស្ត្របឺរីដ៏ល្អរបស់នួនសាន់ទៅកាន់ប្រទេសកម្ពុជា។
លើសពីនេះ លោកបានស្នើសាលាក្រុងជួយជំរុញបន្ថែមលើកិច្ចសហការរវាងសាកលវិទ្យាល័យ Konyang និងសាកលវិទ្យាល័យយោធារបស់កម្ពុជាផងដែរ។
ភាគីទាំងពីរ បានពិភាក្សាអំពីទិសដៅសហប្រតិបត្តិការរវាងស្ថានទូត និងក្រុងនួនសាន់ និងកិច្ចសហការក្នុងការគាំពារអត្ថប្រយោជន៍របស់ប្រជាជនកម្ពុជាដែលកំពុងរស់នៅក្នុងតំបន់នួនសាន់ផងដែរ៕




