សាកលវិទ្យាល័យស្វាយរៀង រួមជាមួយ សហគ្រិនខ្មែរ រៀបចំពិធីប្រកួតប្រជែងគំរូអាជីវកម្មវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីសហគ្រិនមហាវិទ្យាល័យ រដូវកាលទី៤
07-09-2026 23:42
(ស្វាយរៀង)៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការគាំទ្រពីសហគ្រិនខ្មែរ សាកលវិទ្យាល័យស្វាយរៀង បានរៀបចំកម្មវិធី សហគ្រិនមហាវិទ្យាល័យ «ប្រកួតប្រជែងផ្តាច់ព្រ័ត្រ គំរូអាជីវកម្មរដូវកាលទី៤ ឆ្នាំ២០២៦» ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង។
វគ្គប្រកួតប្រជែងផ្តាច់ព្រ័ត្រនេះ មានគោលបំណងលើកកម្ពស់នវានុវត្តន៍ និងសហគ្រិនភាព សម្រាប់និស្សិតថ្នាក់ឧត្តមសិក្សា ដោយប្រែក្លាយគំនិតច្នៃប្រឌិតរបស់និស្សិត ឱ្យក្លាយទៅជាផលិតផល ឬសេវាកម្ម ដែលអាចចូលរួម ដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាជន វិស័យសាធារណៈ និង វិស័យឯកជន។
លោកសាស្ត្រាចារ្យ ទុំ សារាវុធ បានថ្លែងថា ក្នុងកម្មវិធីការប្រកួតប្រជែងគំរូអាជីវកម្មវគ្គផ្តាច់ព្រ័ត្រនេះ ផ្តោតលើចំណុចសំខាន់ៗជាច្រើន សម្រាប់ប្អូនៗដែលបានសម្រេចចិត្តចុះឈ្មោះចូលរួមកម្មវិធី ដោយយកឈ្នះលើការប្តេជ្ញាចិត្ត ការតាំងចិត្ត ដើម្បីបង្កើតឱកាសឱ្យខ្លួនឯង។
លោក បានបន្តថាកម្មវិធីនេះចូលរួមចំណែកលើកកម្ពស់ស្មារតីសហគ្រិនភាព ការប្រកួតប្រជែងជាវេទិកាបង្ហាញពីភាពច្នៃប្រឌិត ភាពក្លាហាន និងសមត្ថភាពសហគ្រិនរបស់និស្សិត គំនិតត្រូវការការអនុវត្ត ព្រោះគំនិតល្អមួយមុខគ្រាន់តែជាចំណុចចាប់ផ្តើម ចំពោះការប្រែក្លាយគំនិតទៅជាផែនការអាជីវកម្មជាក់ស្តែង គឺជាគន្លឹះនៃភាពជោគជ័យ ដែលត្រូវរៀនសូត្រពីកំហុស និងមតិកែលម្អ។
ភាពជោគជ័យកើតពីការងារជាក្រុម ការចែករំលែកការងារ ការជឿទុកចិត្ត និងការមានចក្ខុវិស័យរួម គឺជាជំនាញសំខាន់សម្រាប់ការបង្កើតអាជីវកម្ម និងអាជីព ការប្រកួតជាចំណុចចាប់ផ្តើមថ្មី សាកលវិទ្យាល័យ និងដៃគូពាក់ព័ន្ធ នឹងបន្តគាំទ្រនិស្សិតឱ្យអភិវឌ្ឍគំនិត និងបំលែងវាទៅជាអាជីវកម្មពិតប្រាកដ។ នេះបើតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ។
សូមជម្រាបជូនថា សម្រាប់កម្មវិធីសហគ្រិនមហាវិទ្យាល័យ រដូវកាលទី៤នេះ មាននិស្សិតចុះឈ្មោះចូលរួម សរុបចំនួន ៧៤នាក់ ស្មើនឹង ១៨ក្រុម មកពីមហាវិទ្យាល័យទាំង០៥ នៃសាកលវិទ្យាល័យស្វាយរៀង។ ជំហានសំខាន់ៗនៃកម្មវិធី មាន ៥ដំណាក់កាល៖
*ដំណាក់កាលផ្សព្វផ្សាយ និងចុះឈ្មោះចូលរួម
*ដំណាក់កាលបណ្តុះបណ្តាលសហគ្រិនភាព និងតម្រង់ទិសបេក្ខជនពីគំរូអាជីវកម្ម
*ដំណាក់កាលជម្រុះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ជ្រើសរើស១០ក្រុម)
*ដំណាក់កាលអភិវឌ្ឍន៍បន្ត និងគំរូផលិតផល ដើម្បីត្រៀមឡើងទៅវគ្គផ្តាច់ព្រ័ត្រ
*ដំណាក់កាលប្រកួតប្រជែងផ្តាច់ព្រ័ត្រ។
សម្រាប់ក្រុមជ័យលាភី ក្នុងវគ្គប្រកួតប្រជែងផ្តាច់ព្រ័ត្រនេះ ក្រុមជ័យលាភីលេខ១ បានទៅលើក្រុមនិស្សិត ដែលមានគំនិតអាជីវកម្មឈ្មោះ «ក្រមួនទឹកអប់ Pidor Balm» មកពីមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងមហាវិទ្យាល័យសិល្បៈមនុស្សសាស្រ្ត និងភាសាបរទេស ទទួលបានរង្វាន់ជាថវិកាចំនួន ៣,៦០០,០០០រៀល។
ក្រុមជ័យលាភីលេខ២ បានទៅលើក្រុមនិស្សិតដែលមានគំនិតអាជីវកម្មឈ្មោះ «គតិ Keakteak» មកពីមហាវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ទទួលបានរង្វាន់ជាថវិកាចំនួន ២,៨០០,០០០រៀល។
ក្រុមជ័យលាភីលេខ៣ បានទៅលើក្រុមនិស្សិតដែលមានគំនិតអាជីវកម្មឈ្មោះ «ខ្ជិលផ្សំ» មកពីមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងមហាវិទ្យាល័យមនុស្សសាស្រ្តនិងភាសាបរទេស ទទួលបានរង្វាន់ជាថវិកាចំនួន ២,០០០,០០០រៀល។
សម្រាប់ក្រុមដែលមិនទទួលបានជ័យលាភីឆ្នើមក្នុងកម្មវិធី ក៏ផ្តល់ជូនជាថវិកាលើកទឹកចិត្ត ចំនួន ២០០,០០០រៀល ក្នុងមួយក្រុមផងដែរ៕





















