FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ

07-09-2026 23:44

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបញ្ចេញមតិយោបល់លេីវិស័យបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា លោកបានតាមដានយ៉ាងយកចិត្តទុកដាក់ លេីប្រធានបទក្នុងវិស័យកីឡា និងការជជែកគ្នាជាច្រេីនពីគ្រប់មជ្ឈដ្ឋាន។ ប៉ុន្ដែលោកអះអាងថា បេីគ្មានលោក សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ។

លោក ហ៊ុន ម៉ានី បានរៀបរាប់នៅលេីបណ្ដាញសង្គមយ៉ាងដូច្នេះថា៖

«ការឈ្នះ ឬចាញ់ គឺជារឿងធម្មតានៅក្នុងកីឡាទូទៅ ក៏ដូចជាកីឡាបាល់ទាត់ ដូចដែលយើងតែងឃើញទោះនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក (World Cup 2026) ចុងក្រោយនេះផងដែរ។

ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមបាល់ទាត់ U20 កម្ពុជា គ្រូបង្វឹក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងបំពេញតួនាទីរបស់ខ្លួនដោយការទទួលខុសត្រូវ និងស្មារតីកីឡាខ្ពស់។

ប្រាកដណាស់ អ្នកដែលចង់ឈ្នះបំផុត គឺកីឡាករ គឺគ្រូបង្វឹក និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

គ្មានក្រុមណាមួយចង់ចាញ់ឡើយ ហើយក៏គ្មាននរណាអាចទាយលទ្ធផលទុកជាមុនបានដែរ ព្រោះយើងនិយាយអោយខ្លីគឺ « បាល់មូល » ដូច្នេះ លទ្ធផលនៃការប្រកួត មួយ ពីរ ឬលើសពីនេះ មិនមែនជាហេតុផលដើម្បី ស្តីបន្ទោស ចង្អុលឬដាក់កំហុសលើអ្នកណានោះទេ។

ខ្ញុំបានតាមដានប្រធានបទនេះ និងការវែកញែកមួយចំនួនយ៉ាងយកចិត្តទុកដាក់។ ទោះយ៉ាងណាក្តី ខ្ញុំចង់ទាញអារម្មណ៍យើងទាំងអស់គ្នា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម សៅ សុខា និងការរីកចម្រើននៃវិស័យនេះ ដែលមិនអាចប្រកែកបាន បន្ទាប់ពីគាត់បានក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

សម្រាប់ខ្ញុំ ការរីកចម្រើនរបស់វិស័យបាល់ទាត់កម្ពុជា គឺជាលទ្ធផលនៃការដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម សៅ សុខា។ ប្រសិនបើគ្មានការដឹកនាំរបស់តួអង្គពូទេ និងកិច្ចខិតខំប្រឹងប្រែងរបស់គាត់ ច្បាស់ណាស់ វិស័យបាល់ទាត់កម្ពុជាមិនអាចឈានដល់ការរីកចម្រើនក្នុងល្បឿនមួយដូចបច្ចុប្បន្នបានឡើយ។

ខ្ញុំបានឃើញទៅលើកិច្ចពិភាក្សាហើយមានការលើកបេក្ខជនដែលនឹងដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប៉ុន្តែសម្រាប់ខ្ញុំជឿជាក់ មានទំនុកចិត្ត និងគាំទ្រដល់ការដឹកនាំរបស់ ឯកឧត្តម សៅ សុខា»៕