សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរគ្រី ចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនចិន CCTEB ដើម្បីផ្ដល់ឱកាសការងារដល់និស្សិតកម្ពុជា ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ
07-09-2026 20:45
(កណ្ដាល)៖ សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី (SBKU) នៅថ្ងៃទី៧ ខែ កញ្ញាឆ្នាំ ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ជាមួយក្រុមហ៊ុន China Construction Third Engineering Bureau Group Co.,Ltd. (CCTEB) ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងរវាងការអប់រំនៅសាកលវិទ្យាល័យ និងវិស័យឧស្សាហកម្ម ដោយផ្តោតលើការបណ្តុះបណ្តាល និងការបង្កើតឱកាសអាជីពសម្រាប់និស្សិត SBKU ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ។
ពិធីនេះ ធ្វើឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានថេរដីការពីការប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យ ក្នុងការផ្តល់ការអប់រំបែបទំនើបប្រកបដោយគុណភាព ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយវិស័យធុរកិច្ច និងឧស្សាហកម្មជាមួយដៃគូទាំងអស់ផងដែរ។
សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា មានថេរដីការបន្តថា «ភាពជាដៃគូសហប្រតិបត្តិការនេះ មានគោលបំណងកសាងស្ពានទ្វេភាគីដ៏រឹងមាំ រវាងការអប់រំកម្រិតឧត្តមសិក្សា និងការអភិវឌ្ឍឧស្សាហកម្ម ដោយបើកឱកាសការងារ និងការបណ្តុះបណ្តាលជាសកលសម្រាប់និស្សិត SBKU។ នេះគឺជាជំហានឆ្ពោះទៅមុខដ៏ធំមួយសម្រាប់ SBKU ខណៈពេលដែលបន្តពង្រីកបណ្តាញឧស្សាហកម្មអន្តរជាតិ និងធានាឱកាសការងារដ៏ល្អបំផុតសម្រាប់ស្ថាប័នអប់រំកម្រិតឧត្តមសិក្សាមួយនេះ»។
លោក Wang Wenfu អគ្គនាយកសាខា CCTEB ប្រចាំកម្ពុជា បានបង្ហាញអំពីសកម្មភាព និងផែនការអភិវឌ្ឍរបស់ CCTEB នៅកម្ពុជា ព្រមទាំងបង្ហាញការគាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ SBKU។ ជាមួយគ្នានេះ ភាគីចិន នៅតែបន្តគាំទ្រដល់ SBKU ឱ្យអស់ពីសមត្ថភាពផងដែរ។
សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បង្កើតឡើងក្នុងបុព្វហេតុវិស័យអប់រំជាឧត្តមប្រយោជន៍ដល់កូនខ្មែរគ្រប់ជំនាន់តទៅ ដើម្បីផ្តល់ឱកាសឱ្យនិស្សិតកុលបុត្រខ្មែរគ្រប់រូប បានបន្តការសិក្សារៀនសូត្រថ្នាក់បរិញ្ញាបត្រ ដោយមិនតម្រូវឱ្យមានការបង់ថ្លៃសិក្សានោះទេ ពោលគឺសាកលវិទ្យាល័យបានផ្តល់ជូននិស្សិតនូវអាហារូបករណ៍សិក្សា១០០% ពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤។
ក្នុងបេសកកម្មនៃការបណ្តុះបណ្តាលនិស្សិតដោយមិនស្វែងរកប្រាក់ចំណេញនេះ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរគ្រី បានធានានូវគុណភាពនៃការអប់រំ ក្នុងក្របខ័ណ្ឌនៃកិច្ចការដ៏ឧត្ដុង្គឧត្តម។ បញ្ញវន្តខ្មែរដែលជាសាស្ត្រាចារ្យ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានសច្ចាធានាឱ្យបាននូវគុណវុឌ្ឍវិទ្យាសាស្ត្រ និងគរុសភាដែលជាកត្តាសារវន្តនៃការអប់រំ ការបណ្តុះបណ្តាល ការសិក្សា និងការស្រាវជ្រាវ ក្នុងថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរគ្រី ដើម្បីឱ្យនិស្សិតដែលបានសិក្សានៅទីនេះមានក្រមសីលធម៌ល្អ មានសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ពេញលេញ ហើយអាចទទួលបានជោគជ័យក្នុងពិភពការងារ។
បន្ថែមលើសនេះ សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរគ្រី ក៍មានការសហការជាមួយសាកលវិទ្យាល័យបរទេសជាច្រើន ដើម្បីបញ្ជូននិស្សិតទៅសិក្សាឆ្នាំទី៣ នៅសាកលវិទ្យាល័យបរទេសដោយត្រូវឆ្លងកាត់ការប្រឡង ពិសេសតម្រូវការភាសាអង់គ្លេសជាចម្បង។
សូមជម្រាបជូនថា សាកលវិទ្យាល័យនេះ មានមហាវិទ្យាល័យចំនួន០៦ រួមមាន៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម មហាវិទ្យាល័យសិក្សាអភិវឌ្ឍ និង ទេសចរណ៍ និងមហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ច និងធុរកិច្ច ដែលមានមុខជំនាញសរុប ៣២ជំនាញ និងកំពុងសិក្សាបើកថ្នាក់ជំនាញមួយទៀត គឺជំនាញផ្នែកដឹកជញ្ជូន៕














