FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឆាយ ឫទ្ធិសែន អញ្ជើញចុះទៅពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវជនបទចំនួន ៤ខ្សែ នៅខេត្តកំពង់ស្ពឺ

07-09-2026 20:21

(កំពង់ស្ពឺ)៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្ដីបច្ចេកទេសក្រសួង ព្រមទាំងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ចុះទៅពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវជនបទចំនួន ៤ខ្សែ ព្រមទាំងបានជួបជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ដែលរួមមាន៖

ខ្សែផ្លូវទី១៖ ផ្លូវល្បាយក្រួស ប្រវែង ៨,៩០គ.ម. តភ្ជាប់ពីភូមិពុទ្រា ត្រង់ចំណុចរមណីយដ្ឋានទេទឹកពុះ ទៅដល់ភូមិចំបក់ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។ ខ្សែផ្លូវនេះ ឆ្លងកាត់ភូមិចំនួន ៥ រួមមាន ភូមិតានិល ភូមិត្រាង ភូមិកោដូនតី ភូមិពុទ្រា និងភូមិចំបក់ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៥៥០គ្រួសារ ស្មើនឹង ២ ៣១៣នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១ ១៥០គ្រួសារ ស្មើនឹង ៦ ២១០នាក់។

ខ្សែផ្លូវទី២៖ ផ្លូវកៅស៊ូពីរជាន់ មានប្រវែង ៤,០០គ.ម. ទទឹង ៤ម៉ែត្រ ផ្លូវចូលទំនប់តាសាល ចាប់ពីខ្លោងទ្វារវត្តឧត្តមគីរីជលសា ទៅដល់ទំនប់តាសាល ភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់។ ខ្សែផ្លូវនេះ មានអ្នកទទួលផលដោយផ្ទាល់ចំនួន ១២០គ្រួសារ ស្មើនឹង ៧៥១នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៣៥០គ្រួសារ ស្មើនឹង ១ ៩៩០នាក់។

ខ្សែទី៣៖ ការដ្ឋានផ្លូវក្រាលល្បាយក្រួសក្រហម ប្រវែងសរុប ៧,១៥គ.ម. ចាប់ផ្ដើមពីភូមិតាំងបំពង់ ដល់ចង្កេះភ្នំក្លងផ្សារ ត្រង់ផ្សារសហគមន៍ដំណាក់ដំរីដំ ឃុំតាសាល ស្រុកឱរ៉ាល់ ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៨៥១គ្រួសារ ស្មើនឹង ៣ ៥៣២នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ១ ៧១០គ្រួសារ ស្មើនឹង ៧ ៧៣០នាក់។ ខ្សែផ្លូវនេះ ចាប់ផ្តើមសាងសង់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ដោយសម្រេចវឌ្ឍនភាពបាន ៤២,៣៨% ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០២៧ ខាងមុខនេះ ។

ខ្សែផ្លូវទី៤: គម្រោងផ្លូវកម្រាលបេតុង ទទឹង ៦ម៉ែត្រ ប្រវែង៣ គីឡូម៉ែត្រ ពីជើងភ្នំខ្នងផ្សាររហូតដល់ខ្នងភ្នំដែលគ្រោងអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខណ្ឌគម្រោងនិរន្ដរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ។ គម្រោងខ្សែផ្លូវទី៣ និងទី៤ នេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងការគ្រប់គ្រងតំបន់ទេសភាព ក្នុងតំបន់ ការពារធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និង បឹងទន្លេសាប។

ក្នុងឱកាសចុះពិនិត្យនោះផងដែរ លោករដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យទីតាំងតំបន់ទេសចរណ៍ធម្មជាតិទេទឹកពុះ តំបន់ទំនប់តាសាល និងតំបន់ទេសចរណ៍ធម្មជាតិខ្នងផ្សារ ព្រមទាំងបានជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋក្នុងសហគមន៍នីមួយៗ ក្នុងគោលបំណងសិក្សា និងស្វែងយល់អំពីសក្តានុពលនៅក្នុងតំបន់ និងតម្រូវការនានា ដើម្បីងាយស្រួលផ្ដល់កិច្ចអន្ដរាគមន៍ចាំបាច់សម្រាប់ការអភិវឌ្ឍ។

គួរជម្រាបជូនផងដែរថា ដោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការអភិរក្ស និងអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិច ក្នុងគោលបំណងលើកកម្ពស់ជីវភាពរបស់នៅរបស់បងប្អូនក្នុងសហគមន៍ឱ្យមានជីវភាពកាន់តែប្រសើរឡើង។ ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមចំណែកតាមរយៈ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យមានគុណភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យជនបទ ព្រមទាំងការបណ្ដុះបណ្ដាលជំនាញមូលដ្ឋានផងដែរ៕