FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល និងមូលនិធិ Fred Hollows ប្ដេជារួមគ្នាអភិវឌ្ឍប្រព័ន្ធសុខភាពភ្នែកប្រកបដោយចីរភាព ឈានទៅលុបបំបាត់ភាពពិការភ្នែក ដែលអាចបង្ការ ឬព្យាបាលបាន

07-09-2026 18:56

(ភ្នំពេញ)៖ ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅរវាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Ross Piper អគ្គនាយកប្រតិបត្តិ (CEO) នៃមូលនិធិ Fred Hollows Foundation (FHF) ភាគីទាំងពីរបានប្ដេជ្ញារួមគ្នាអភិវឌ្ឍប្រព័ន្ធសុខភាពភ្នែកប្រកបដោយចីរភាព ឈានទៅលុបបំបាត់ភាពពិការភ្នែក ដែលអាចបង្ការ ឬព្យាបាលបាន។ ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ បានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ នាសណ្ឋាគារកាំបូឌីយ៉ាណា។

នាឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងស្មោះត្រង់រវាងក្រសួងសុខាភិបាល និងមូលនិធិ Fred Hollows Foundation ដែលបានរួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យសុខភាពភ្នែកនៅកម្ពុជា អស់រយៈពេលជិត ៣ ទសវត្សរ៍ គិតចាប់តាំងពីឆ្នាំ១៩៩៨មក។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្ររបស់មូលនិធិ Fred Hollows Foundation រួមទាំងផែនការវិនិយោគ និងកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៦-២០២៩ ដែលនឹងផ្តល់សក្តានុពលថ្មីៗ និងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរមុខមាត់វិស័យសុខភាពភ្នែកនៅកម្ពុជា ទាំងការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់សេវា និងការរៀបចំគោលនយោបាយថ្នាក់ជាតិ។

ជាមួយគ្នានេះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការគាំទ្រចំពោះទស្សនវិស័យរបស់មូលនិធិ Fred Hollows Foundation ក្នុងការបន្តដើរតួនាទីជា «ដៃគូពង្រឹងប្រព័ន្ធសុខាភិបាលរយៈពេលវែង» ដែលស្របទៅនឹងទិសដៅនៃការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងគោលការណ៍នៃការដឹកនាំ និងភាពជាម្ចាស់ក្នុងមូលដ្ឋាន។

ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្តោតលើទិសដៅអាទិភាពសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាពភ្នែក ចំនួន ៦ចំណុច រួមមាន៖ ១) ការពង្រឹងអភិបាលកិច្ច និងគោលនយោបាយ ដើម្បីធានាប្រព័ន្ធសុខភាពភ្នែកដែលមានប្រសិទ្ធភាព និងសមធម៌។ ២) ការគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក និងការរៀបចំផែនទីផ្លូវថ្នាក់ខេត្ត ស្របតាមតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។ ៣) ការអភិវឌ្ឍ និងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យសុខភាពភ្នែក រួមទាំងការរៀបចំផែនទីធនធានមនុស្ស ការបណ្តុះបណ្តាល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដូចជា Teleophthalmology និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការថែទាំសុខភាពភ្នែក។
៤) ការពង្រីក និងពង្រឹងសេវាសុខភាពភ្នែកបឋម ការពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ និងការគ្រប់គ្រងគុណភាពសេវាសុខភាពភ្នែកទាំងក្នុងវិស័យសាធារណៈ និងឯកជន។ ៥) ការពង្រីកកម្មវិធីសុខភាពភ្នែកតាមសាលារៀនឱ្យបានគ្របដណ្តប់ទូទាំងប្រទេស ដើម្បីលើកកម្ពស់សុខភាពភ្នែករបស់កុមារ និងគាំទ្រដល់ការសិក្សារបស់ពួកគេ។ ៦) ការពង្រឹងប្រព័ន្ធទិន្នន័យ និងភស្តុតាងសម្រាប់គាំទ្រដល់ការរៀបចំគោលនយោបាយ និងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានស្នើឱ្យមូលនិធិ Fred Hollows Foundation បន្តដើរតួនាទីយ៉ាងសកម្មក្នុងការកៀរគរធនធាន បច្ចេកវិទ្យានវានុវត្តន៍ និងការស្រាវជ្រាវកម្រិតអន្តរជាតិមកកាន់កម្ពុជា ព្រមទាំងពង្រីកការគាំទ្រទៅកាន់បណ្តាខេត្ត និងសហគមន៍ដាច់ស្រយាល ដែលប្រជាពលរដ្ឋងាយរងគ្រោះនៅតែមានតម្រូវការខ្ពស់ចំពោះសេវាសុខភាពភ្នែក។

ជាការឆ្លើយតប លោក Ross Piper បានថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាលកម្ពុជា និងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់មូលនិធិ Fred Hollows Foundation ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធសុខភាពភ្នែកប្រកបដោយចីរភាព និងធានាឱ្យប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនទទួលបានសេវាថែទាំសុខភាពភ្នែកប្រកបដោយគុណភាព និងសមធម៌។

ជាទីបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងជឿជាក់ថា តាមរយៈផែនការយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការរួមគ្នា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយ និងលុបបំបាត់ភាពពិការភ្នែកដែលអាចបង្ការ ឬព្យាបាលបាន ព្រមទាំងឈានទៅសម្រេចបាននូវគោលដៅនៃការគ្របដណ្តប់សុខភាពជាសកលសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប៕