FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត ឥន សុផល បង្ហាញពីភាពខុសគ្នានៃតុលាការអន្តរជាតិ ICC & ICJ

07-09-2026 17:32

(ភ្នំពេញ)៖ លោកបណ្ឌិត ឥន សុផល អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជា បានបង្ហាញពីភាពខុសគ្នានៃតុលាការអន្តរជាតិ ICC & ICJ មកកាន់បណ្ដាញព័ត៌មាន Fresh News ដើម្បីជាគតិមួយជូនដល់ប្រជាពលរដ្ឋខ្មែរ ឈ្វេងយល់បន្ថែមពីតុលាការអន្តរជាតិទាំង២នេះ។

ដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ត្រូវបានលោកបណ្ឌិត បញ្ជាក់ឲ្យដឹងថា តុលាការនេះកាត់ក្តីទៅលើតែបុគ្គល ប៉ុណ្ណោះ។ បើយោងតាមមាត្រា ៥ នៃលក្ខន្តិកៈទីក្រុងរ៉ូម ICC មានយុត្តាធិការលើបទឧក្រឹដ្ឋធ្ងន់ធ្ងរចំនួន៤ គឺ៖ អំពើប្រល័យពូជសាសន៍ តាមមាត្រា៦, ឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិ តាមមាត្រា៧, ឧក្រិដ្ឋកម្មសង្គ្រាម តាមមាត្រា៨ និង ឧក្រិដ្ឋកម្មឈ្លានពាន តាមមាត្រា៨។

ជាការកត់សម្គាល់តុលាការ ICC គេមិនប្រើពាក្យបណ្តឹងដូចតុលាការជាតិទេ គឺគេប្រើពាក្យ «បញ្ជូនស្ថានការណ៍» (State referral) ឬ «ផ្តល់ព័ត៌មាន» (communication)។ ជាងនេះទៅទៀតមានតែរដ្ឋភាគី នៃលក្ខន្តិកៈទីក្រុងរ៉ូម មាត្រា ១៣(ក) និងមាត្រា ១៤, ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មាត្រា ១៣(ខ) និង រដ្ឋអាជ្ញា ICC ផ្តួចផ្តើមដោយផ្ទាល់ មាត្រា ១៣(គ) និងមាត្រា ១៥ ប៉ុណ្ណោះដែលមានសិទ្ធិបញ្ជូនស្ថានការណ៍ (State referral) ទៅតុលាការ ICC ។

ចំណែក បុគ្គល គណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល មិនអាចបញ្ជូនស្ថានការណ៍ជាផ្លូវការទៅ ICC បានទេ។ ប៉ុន្តែពួកគេអាចផ្ញើព័ត៌មាន ឯកសារ ភស្តុតាង ឬសេចក្តីរាយការណ៍ (communication) ទៅការិយាល័យរដ្ឋអាជ្ញា ICC យោងតាមមាត្រា ១៥។ ប៉ុន្តែពុំមានទម្ងន់ដល់ការសម្រេចចិត្តរបស់រដ្ឋអាជ្ញារបស់តុលាការ ICC នោះទេ។

ដោយឡែក តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គេដោះស្រាយតែរឿងក្តីរវាងរដ្ឋ និងរដ្ឋប៉ុណ្ណោះ ដែលអាចបញ្ជូនសំណុំរឿងវិវាទទៅតុលាការ ICJ បាន៕