FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តី៖ ក្រសួងមហាផ្ទៃនឹងចាត់វិធានការលើមន្ត្រី ដែលគប់គិតគ្នាប្រើប្រាស់ថវិកាមូលនិធិឃុំសង្កាត់ គ្មានតម្លាភាព (Video inside)

07-09-2026 16:42

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានលើកឡើងថា ក្រសួងមហាផ្ទៃ នឹងចាត់វិធានការទៅលើមន្ត្រីណាដែលគប់គិតគ្នា ប្រើប្រាស់ថវិកាមូលនិធិឃុំ សង្កាត់ ដោយគ្មានតម្លាភាព និងគណនេយ្យភាព។

លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានថ្លែងព្រមានដូច្នេះបន្ទាប់ពីរកឃើញភាពមិនប្រក្រតីក្នុងការអនុវត្តគម្រោងនានា ជាពិសេសករណីបង្គោលភ្លើងសូឡាមានតម្លៃរហូតដល់ ៨ លានរៀល។ លោកបានគូសបញ្ជាក់ថា ករណីនេះមិនមែនកើតឡើងតែនៅខេត្តកំពង់ឆ្នាំងប៉ុណ្ណោះទេ ប៉ុន្តែបានកើតមាននៅតាមបណ្ដាខេត្តជាច្រើនទៀត។

លោកបានគូសបញ្ជាក់បន្ថែមថា «អគ្គនាយកដ្ឋានរដ្ឋបាលបានចុះទៅតាមបណ្ដាខេត្តជាច្រើន ហើយស្ថានភាពមិនខុសពីខេត្តកំពង់ឆ្នាំងទេ។ ហើយត្រង់ចំណុចនេះ ខ្ញុំសូមស្នើឯកឧត្ដម លោកជំទាវអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់នេះឲ្យបានល្អប្រសើរ។ ហើយបើសិននៅក្នុងស្ថានភាពបែបនេះទៀត ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងមានវិធានការទៅលើមន្ត្រីដែលមានការគប់គិតគ្នានេះ»

ការលើកឡើងរបស់ លោក សួស ប្រាថ្នា ធ្វើឡើងនៅពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីវាយតម្លៃ និងបង្ហាញពីសមិទ្ធផលនានា ដែលសម្រេចបានក្នុងអាណត្តិទី៥ នៃការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ក្នុងឱកាសនោះដែរ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់ ឱ្យមានប្រសិទ្ធភាព និងតម្លាភាព។

លោកបានគូសបញ្ជាក់ថា មូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់បានរីកចម្រើនយ៉ាងឆាប់រហ័សដោយគិតត្រឹមឆ្នាំ២០២៦ នេះ មូលនិធិឃុំ សង្កាត់ បានកើនឡើងរហូតដល់ប្រមាណជាង ៣០០លានដុល្លារ ដែលកើនឡើងជាង ៤១ ដង បើប្រៀបធៀបទៅនឹងឆ្នាំ២០០២។

លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា មូលនិធិឃុំ សង្កាត់ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ មានទំហំប្រមាណជាង ៨ លានដុល្លារប៉ុណ្ណោះ ដែលជាមធ្យមឃុំ សង្កាត់នីមួយៗទទួលលបានថវិកាប្រមាណតែ៥ពាន់ដុល្លារ។ ប៉ុន្តែដោយសារការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២០ រាជរដ្ឋាភិបាលបានសម្រេចផ្តល់មូលនិធិបន្ថែមដល់ជាង ៣៥០ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២៥ ដោយរួមបញ្ចូលទាំងការបន្ថែម ១% នៃចំណូលចរន្តថវិកាជាតិ និងពន្ធចែករំលែក ៦% ពីរដ្ឋបាលរាជធានី ខេត្ត។ បើគិតជាមធ្យមភាគ ឃុំ សង្កាត់នីមួយៗទទួលបានប្រមាណជាង ២០ ម៉ឺនដុល្លារ ដែលជាការកើនឡើងជាង ៤១ ដង បើប្រៀបធៀបទៅនឹងមធ្យមភាគដែលឃុំ សង្កាត់ទទួលបានក្នុងឆ្នាំ២០០២៕