កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យទីតាំងមួយចំនួន នៅភូមិសាស្រ្តក្រុងប៉ោយប៉ែត ក្រែងមានសកម្មភាពប្រព្រឹត្តបទល្មើស Online Scam
07-09-2026 16:37
(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលទីតាំងមួយចំនួន ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រែងមានសកម្មភាពលបលួចប្រព្រឹត្តបទល្មើស Online Scam នៅថ្ងៃ ទី៧ ខែកញ្ញា ឆ្នាំ២០២៦។
ប្រតិបត្តិនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
របាយការណ៍របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងចម្រុះចុះធ្វើរដ្ឋបាលត្រួតពិនិត្យតាមបណ្តាសង្កាត់ទាំង៥ ក្នុងក្រុងប៉ោយប៉ែត។ ប្រតិបត្តិការនេះ ត្រូវបានដឹកនាំសម្របសម្រួលដោយផ្ទាល់ពីលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត។
ក្នុងសង្កាត់អូរជ្រៅ ក្រុមការងារចម្រុះដឹកនាំដោយលោក ពេស រិយាស័ក អភិបាលរងក្រុង បានចុះត្រួតពិនិត្យទីតាំងផ្ទះល្វែងចំនួនពីរ។ ទីតាំងទី១ បានរកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន ៦នាក់ (ស្រី១នាក់) ដែលមានឯកសារលិខិតឆ្លងដែន ទិដ្ឋាការ និងប័ណ្ណការងារគ្រប់ចំនួន។ ទីតាំងទី២ បានរកឃើញជនជាតិថៃចំនួន ៥នាក់ (ស្រី៣នាក់) ដែលក៏មានឯកសារគ្រប់គ្រាន់ផងដែរ។
ចំណែកនៅសង្កាត់ផ្សារកណ្តាល ក្រុមការងារដឹកនាំដោយលោក មាន សំណាង អភិបាលរងក្រុង បានចុះត្រួតពិនិត្យផ្ទះល្វែងមួយកន្លែង ដែលមានមនុស្សស្នាក់នៅ ១៤នាក់ (ស្រី៥នាក់) រួមមានជនជាតិនេប៉ាល់ ៨នាក់ (ស្រី១នាក់) ជនជាតិភូមា ៤នាក់ (ស្រី២នាក់) និងជនជាតិហ្វីលីពីន ២នាក់ (ស្រី២នាក់)។ លទ្ធផលនៃការត្រួតពិនិត្យគឺពុំឃើញមានបទល្មើសអ្វីឡើយ ហើយជនបរទេសទាំងអស់សុទ្ធតែមានឯកសារត្រឹមត្រូវ។
រីឯនៅសង្កាត់ប៉ោយប៉ែត ក្រុមការងារចម្រុះដឹកនាំដោយលោក បោន សិលា អភិបាលរងក្រុង បានចុះត្រួតពិនិត្យទីតាំងផ្ទះជួលចំនួនពីរ។ ទីតាំងទី១ បានរកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន ៥នាក់ (ស្រី១នាក់) ដែលបម្រើការងារនៅ Star Gold និងមានឯកសារគ្រប់ចំនួន។ ទីតាំងទី២ បានរកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន ១២នាក់ (ស្រី៣នាក់) ដែលបម្រើការងារនៅ Star Gold ដូចគ្នា និងមានឯកសារគ្រប់ចំនួនផងដែរ។ ក្នុងប្រតិបត្តិការទាំងនេះ ពុំមានវត្ថុតាងសម្ភារៈបទល្មើសណាមួយត្រូវបានរកឃើញឡើយ។
សរុបមក ប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្ត និងក្រុងក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយធានាថាជនបរទេសដែលស្នាក់នៅ និងធ្វើការក្នុងដែនដីក្រុងប៉ោយប៉ែត គឺមានឯកសារស្របច្បាប់ទាំងអស់ ហើយមិនបានប្រព្រឹត្តបទល្មើស Online Scams៕










