កម្ពុជាជួយហ្វឹកហ្វឺនបច្ចេកទេសរុករកសំណល់យុទ្ធភណ្ឌសង្គ្រាម ដល់កងទ័ពអាកាសសហរដ្ឋអាមេរិក
07-09-2026 16:36
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ឱ្យដឹងថា CMAC កម្ពុជា បានជួយហ្វឹកហ្វឺនលើបច្ចេកទេសកម្ទេចសំណល់យុទ្ធភណ្ឌសង្គ្រាម និងជាពិសេសលើការប្រើប្រាស់ឧបករណ៍បច្ចេកទេស រុករកសំណល់យុទ្ធភណ្ឌសង្គ្រាម ជូនកងទ័ពអាកាសសហរដ្ឋអាមេរិក។
លោក ហេង រតនា បានបញ្ជាក់ថា នៅចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២៦នេះ អង្គភាព CMAC បានសហការជាមួយអង្គការ Golden West បានផ្តល់ការហ្វឹកហ្វឺនដល់កងទ័ពសហរដ្ឋអាមេរិក លើបច្ចេកទេសសំណល់យុទ្ធភណ្ឌសង្គ្រាម និងជាពិសេសលើការប្រើប្រាស់ឧបករណ៍បច្ចេកទេស រុករកសំណល់យុទ្ធភណ្ឌសង្គ្រាម ជូនកងទ័ពអាកាសសហរដ្ឋអាមេរិក ផ្នែកជំនាញសំណល់យុទ្ធភណ្ឌសង្គ្រាម និងក្រុមបច្ចេកទេសយុទ្ធោបករណ៍នៃសារណរដ្ឋកាប៊ូវ័រដេ (Cabo Verde) ដែលការហ្វឹកហ្វឺន ស្ថិតក្រោមគម្រោងជំនួយបោសសម្អាតមីនមនុស្សធម៌ របស់សហរដ្ឋអាមេរិកគាំទ្រប្រទេសអាហ្វិក។
សូមបញ្ជាក់ថាអង្គការ Golden West ជាដៃគូយ៉ាងសំខាន់ជាមួយអង្គភាព CMAC ក្នុងសកម្មភាពកម្ចាត់មីននៅកម្ពុជាជាង ២៥ឆ្នាំមកហើយ ពោលចាប់តាំងពីដើមឆ្នាំ២០០០ មកម្ល៉េះ៕












