FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីសុខាភិបាល៖ ការវិនិយោគលើសុខភាពភ្នែក ជាការវិនិយោគលើសុខភាពប្រជាជន អភិវឌ្ឍមូលធនមនុស្ស និងការអភិវឌ្ឍប្រទេសជាតិ

07-09-2026 16:32

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា សុខភាពភ្នែក គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធសុខាភិបាល និងជាកត្តាចាំបាច់សម្រាប់ការសម្រេចបាននូវគោលដៅគ្របដណ្តប់សុខភាពជាសកល (UHC)។ បញ្ហាការចុះខ្សោយគំហើញ និងភាពពិការភ្នែក មិនត្រឹមតែប៉ះពាល់ដល់សុខភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផលប៉ះពាល់ដល់ការអប់រំ ផលិតភាពការងារ ជីវភាពគ្រួសារ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមូលធនមនុស្សរបស់ប្រទេសជាតិផងដែរ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការនូវ គម្រោងអភិបាលកិច្ចសុខភាពភ្នែក ២០២៦–២០៣១ និង យុទ្ធសាស្ត្រ WHO's SPECS 2030 នៅកម្ពុជា ដោយមានការអញ្ជើញជាធិបតីពីលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាផងដែរ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងអភិបាលកិច្ចសុខភាពភ្នែក ២០២៦–២០៣១ និងយុទ្ធសាស្ត្រ WHO's SPECS 2030 គឺជាជំហានសំខាន់មួយទៀតក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលភ្នែករបស់កម្ពុជា និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូប រួមទាំងប្រជាជននៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល អាចទទួលបានសេវាថែទាំសុខភាពភ្នែកដែលមានគុណភាព សមធម៌ បរិយាបន្ន និងតម្លៃសមរម្យ។

គម្រោងអភិបាលកិច្ចសុខភាពភ្នែក ២០២៦–២០៣១ នឹងរួមចំណែកពង្រឹង អភិបាលកិច្ច ការដឹកនាំ ការសម្របសម្រួល ការអភិវឌ្ឍធនធានមនុស្ស គុណភាពសេវា ប្រព័ន្ធទិន្នន័យ និងការគ្រប់គ្រងប្រព័ន្ធសុខភាពភ្នែក ដោយផ្តោតលើការធានាឱ្យសេវាសុខភាពភ្នែកមានគុណភាព សមធម៌ បរិយាបន្ន និងមាននិរន្តរភាព។ ជាមួយគ្នានេះ WHO's SPECS 2030 ត្រូវបានដាក់បញ្ចូលជាក្របខណ្ឌយុទ្ធសាស្ត្រសំខាន់មួយ ដើម្បីគាំទ្រដល់ការពង្រីកការគ្របដណ្តប់សេវាកែតម្រូវកំហុសចក្ខុវិស័យ និងការថែទាំសុខភាពភ្នែក។ SPECS ផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៥ រួមមាន សេវាកម្ម (Services) ធនធានមនុស្ស (Personnel) ការអប់រំ (Education) តម្លៃសមរម្យ (Cost) និងការតាមដានត្រួតពិនិត្យ (Surveillance)។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា «ភ្នែកពិតជាមធ្យោបាយទំនាក់ទំនងដែលមិនអាចខ្វះបាន ក្នុងការស្រង់ស្រូបយកការយល់ដឹង។ ពេលមួយដែលយើងបានជួយកុមារដែលមានបញ្ហាភ្នែកដែលមិនអាចមើលបានល្អ យើងអាចនឹងបានជួយអនាគតកុមារដែលជួនកាលអាចក្លាយជាអនាគតប្រទេសជាតិ។ ភ្នែកមិនមែនគ្រាន់តែជាគំហើញប៉ុណ្ណោះទេ ប៉ុន្តែវាពាក់ព័ន្ធនឹងគ្រប់ឥរិយាបទនៃវិញ្ញាណទាំងអស់»

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីរួមគ្នាធានាថា «គ្មាននរណាម្នាក់ត្រូវបានទុកចោល» ក្នុងការទទួលបានសេវាថែទាំសុខភាពភ្នែក និងដើម្បីកសាងប្រព័ន្ធសុខភាពភ្នែកកម្ពុជាឱ្យកាន់តែរឹងមាំ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងនិរន្តរភាព។

ជាមួយគ្នានេះដែរលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងនាមក្រសួងសុខាភិបាល បានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលអូស្ត្រាលី ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា មូលនិធិ Fred Hollows អង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តល់ការគាំទ្រយ៉ាងសំខាន់ និងបន្តបន្ទាប់ដល់ការអភិវឌ្ឍវិស័យសុខភាពភ្នែកនៅកម្ពុជា។

សូមជម្រាបថា ពិធីនេះមានការអញ្ជើញចូលរួមពី លោកស្រី​ Amy​ Louise Cawthorne ទីប្រឹក្សាជាន់ខ្ពស់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោក Ross Piper នាយកប្រតិបត្តិនៃមូលនិធិ Fred Hollows លោកសាស្ដ្រាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរសុខាភិបាលរាជធានី-ខេត្ត មន្ទីរពេទ្យ គ្រឹះស្ថានបណ្តុះបណ្តាល អង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន៕