និយ័តករបរធនបាលកិច្ច និងរដ្ឋបាលខេត្តព្រះសីហនុ រៀបចំសិក្ខាសាលា ពង្រឹងកិច្ចគាំពារវិនិយោគិន
07-09-2026 16:26
(ព្រះសីហនុ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានសហការជាមួយរដ្ឋបាល ខេត្តព្រះសីហនុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី «កិច្ចគាំពារវិនិយោគិន និងពង្រឹងការអនុវត្តច្បាប់ ក្នុងវិស័យបរធនបាលកិច្ច ពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ ស្គាល់អតិថិជនក្នុងវិស័យបរធនបាលកិច្ច»។
សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និង លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅសណ្ឋាគារ សុខា ខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។
សិក្ខាសាលានេះ មានការចូលរួមពី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបី សាលាដំបូងខេត្តព្រះសីហនុ សាខាពន្ធដារ សាខាគយ និងរដ្ឋាករ គ្រឹះស្ថានអប់រំ ព្រមទាំងតំណាងសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាល និងបុគ្គលពាក់ព័ន្ធ ដែលផ្តល់សេវា ក្នុងវិស័យបរធនបាលកិច្ច។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងអំពី ក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិក្នុងវិស័យបរធនបាលកិច្ច យន្តការការពារទ្រព្យសម្បត្តិ បរធនបាលកិច្ច និងកាតព្វកិច្ចយកចិត្តទុកដាក់ស្គាល់អតិថិជនក្នុងវិស័យបរធនបាលកិច្ច ដើម្បីបង្កើនប្រសិទ្ធភាពអនុលោមភាពតាមច្បាប់ក្នុងវិស័យបរធនបាលកិច្ច។
បច្ចុប្បន្ន បរធនបាលកិច្ចដែលទទួលបាន ការចុះបញ្ជីនៅខេត្តព្រះសីហនុ មានចំនួនសរុប ១៦៨ ករណី ជាមួយទំហំបរធនសរុបចំនួន ២៤១,៦៩៥,៩៨៨.៩០ ដុល្លារអាមេរិក ដោយក្នុងនោះមានបរធនបាលកិច្ចពាណិជ្ជកម្មអចលនវត្ថុ ទទួលបានការចុះបញ្ជីជាមួយទំហំបរធន ១៩៧,៧០៤,៦៦៣.៩០ ដុល្លារអាមេរិក។
បរធនបាលកិច្ចពាណិជ្ជកម្ម សម្រាប់សេវារក្សាទុកសាច់ប្រាក់សម្រាប់ប្រតិបត្តិការទិញ-លក់អចលនវត្ថុ ជាមួយទំហំបរធន ៤៣,៩៩១,៣២៥.០០ ដុល្លារអាមេរិក ដែលរួមចំណែកក្នុងការការពារផលប្រយោជន៍វិនិយោគិន ដោះស្រាយបញ្ហាគម្រោងអគារជាប់គាំង និងជំរុញការវិនិយោគនៅខេត្តព្រះសីហនុ៕
















