ផ្តើមពីបំណងនាំកិត្តិយស និងមោទនភាពសម្រាប់គ្រួសារ ហង្ស ពនិតា សម្រុករៀនរហូតយកបាននិទ្ទេស A (Video inside)
07-09-2026 15:54
(ភ្នំពេញ)៖ ការដណ្តើមបាននិទ្ទេស A របស់យុវសិស្សកម្ពុជាគ្រប់រូប មិនមែនកើតឡើងដោយចៃដន្យឡើយ តែជាលទ្ធផលមួយ ដែលបានកើតចេញពីការកំណត់គោលដៅ ការតាំងចិត្ត ការប្រឹងប្រែងសិក្សារៀនសូត្រ ជាពិសេសពួកគេចង់ដណ្តើមយកកិត្តិយស និងមោទនភាពសម្រាប់ខ្លួន ក៏ដូចជាក្រុមគ្រួសារ។
កញ្ញា ហង្ស ពនិតា ជាយុវសិស្សមួយរូប ដែលដណ្តើមបាននិទ្ទេស A ពីការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦នេះ ក្នុងចំណោមសិស្សនិទ្ទេស A ជាង២ពាន់នាក់។ និទ្ទេស A បានធ្វើឱ្យកញ្ញា ពនិតា សប្បាយរីករាយក្រៃលែង ព្រោះជាផ្លែផ្កាកើតពីការប្រឹងប្រែងសិក្សារៀនសូត្រយ៉ាងខ្លាំងក្លាចាប់តាំងពីថ្នាក់ទី៩មក។
និទ្ទេស A ត្រូវបានគេពិពណ៌នាថា មិនមែនជាការកំណត់ចុងក្រោយនៃជោគវាសនាជីវិតនោះទេ តែសម្រាប់កញ្ញា ពនិតា និទ្ទេស A ជាការវាស់ស្ទង់សតម្ថភាពនៃការសិក្សារៀនសូត្រជាង១០ឆ្នាំ ហើយក៏ជាច្រកទ្វារដ៏ធំសម្រាប់ឈានជើងទៅកាន់ថ្នាក់ឧត្តមសិក្សា។ និទ្ទេស A នេះទៀតសោត មិនត្រឹមផ្តល់អាទិភាព និងឱកាសសម្រាប់ថ្នាក់ឧត្តមសិក្សាប៉ុណ្ណោះទេ តែក៏បានផ្តល់កិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ សាលា និងលោកគ្រូ អ្នកគ្រូ។
ជាមួយការទទួលបាននិទ្ទេស A កញ្ញា ហង្ស ពនិតា ក៏បានចែករំលែកនូវបទពិសោធន៍ និងគន្លឹះសិក្សាមួយចំនួនដែលនាំឱ្យទទួលបានលទ្ធផលដ៏គាប់ប្រសើរក្នុងនាមជាអ្នកសិក្សាមួយរូប។ ហង្ស ពនិតា មិនមែនជាអ្នករៀនពូកែនោះទេ ប៉ុន្តែនៅពេលចូលថ្នាក់ទី៩ កញ្ញា ក៏បានដាក់ចេញគោលដៅចង់បានលទ្ធផលល្អប្រសើរលើការសិក្សា។ ដូច្នេះកម្មវិធីសិក្សាមួយច្បាស់លាស់ក៏ត្រូវរៀបចំឡើង។ ការដាក់ចេញកម្មវិធីសិក្សានេះ ក៏ធ្វើឱ្យកញ្ញាប្រឡងមធ្យមសិក្សាបឋមភូមិដោយលទ្ធផលល្អប្រសើរ។
បន្ទាប់ពីចប់អនុវិទ្យាល័យ កញ្ញា ហង្ស ពនិតា នៅតែបន្តបោះពួយការតាំងចិត្តលើការសិក្សារបស់ខ្លួន ជាពិសេសការឈានឆ្ពោះទៅកាន់ការប្រលងមធ្យមសិក្សាទុតិយភូមិ ដើម្បីបាននិទ្ទេសល្អ។ នៅពេលកំណត់ពីគោលដៅចង់បាននិទ្ទេសល្អប្រសើរនេះហើយ កញ្ញា ពនិតា បានដាក់ចេញការរៀបចំកម្មវិធីសិក្សា និងរបៀបរៀនមួយច្បាស់លាស់។ ទីបំផុតលទ្ធផលក៏ទទួលបានដូចអ្វីដែលបានប៉ងប្រាថ្នា។
ជាមួយលទ្ធផលល្អប្រសើរនៃការបញ្ចប់ការសិក្សាចំណេះដឹងទូទៅរយៈពេលជាង១០ឆ្នាំមកនេះ ក្រៅពីកត្តាខ្លួនឯងហើយនោះ ឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូ សុទ្ធតែជាបង្អែកដ៏សំខាន់សម្រាប់កញ្ញា ហង្ស ពនិតា។ កញ្ញា ពនិតា បានយកឱកាសនេះគោរពថ្លែងអំណរគុណដល់លោកឪពុក អ្នកម្តាយ ដែលបានចិញ្ចឹមបីបាច់ឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងសម្រាប់ការសិក្សា។ ពនិតា ក៏បានគោរពថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ គ្រប់រូប ដែលបានប្រឹងប្រែងផ្តល់ពុទ្ធិជូនកញ្ញាតាំងពីតូចក្រូចឆ្មារមក
និទ្ទេស A ពីការប្រឡងមធ្យមសិក្សាទុតិយភូមិមិនមែនជាទីបញ្ចប់នៃការសិក្សាសម្រាប់កញ្ញា ពនិតា នោះឡើយ។ នៅពេលនេះ កញ្ញា បន្តបោះពួយទៅកាន់ថ្នាក់ឧត្តមសិក្សាចាប់យកជំនាញគ្រប់គ្រងធនាគារ និងហិរញ្ញវត្ថុ ដែលជាមុខជំនាញដែលកញ្ញាស្រឡាញ់ និងយល់ថាមានតម្រូវការខ្ពស់នៅក្នុងសង្គម៕












