រដ្ឋបាលខេត្តសៀមរាបស្តារស្ទឹង អូរ ប្រឡាយ អាងទឹក បឹង ត្រពាំង ដើមី្បស្តុបទឹកទុកសម្រាប់ប្រើប្រាស់ និងបង្ការនៅពេលមានគ្រោះរាំងស្ងួត
07-09-2026 15:30
(សៀមរាប)៖ លោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើការបង្ការគ្រោះរាងស្ងួត និងទឹកជំនន់ គ្រប់ក្រុង ស្រុក ត្រូវត្រៀមលក្ខណៈក្នុងការកំណត់ទីតាំងធ្វើការស្តារស្ទឹង អូរ ប្រឡាយ ក្នុងបើកផ្លូវចរន្តទឹកហូរ នៅពេលមានបញ្ហាគ្រោះទឹកជំនន់ ដើមី្បបញ្ជៀសការលិចលុង ផល ដំណាំ លំនៅដ្ឋានប្រជាពលរដ្ឋ និងធ្វើការស្តារអាងទឹក ត្រពាំង បឹង ដើមី្បស្តុបទឹកទុកសម្រាប់ប្រើប្រាស់ក្នុងការបង្កបង្កើនផល និងសម្រាប់អន្តរាគមន៍នៅពេលមានគ្រោះរាំងស្ងួត។
ការថ្លែងយ៉ាងដូច្នេះរបស់លោក តោ គឹមស៊ាន នៅក្នុងឱកាសដឹកនាំបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោក អ៉ឹង គឹមលាង អភិបាលរងខេត្ត និងលោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរក្រុង ស្រុក ជាច្រើនចូលរួមផងដែរ។
លោកក៏បានលើកឡើងពីធ្វើសៀវភៅគ្រួសារ របស់បងប្អូនចំណាកស្រុក ដែលមករស់នៅទីតាំងថ្មី គឺទាមទានូវលិខិតផ្ទេរទីកន្លែង ពីសមត្ថកិច្ចក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះការផ្ដល់អត្តសញ្ញាណបណ្ណ គឺត្រូវការឯកសារ សំបុត្រកំណើត សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។
លោកបានបន្តថា ចំពោះបណ្តាស្រុក ដែលសមាជិក រាល់ការលើកឡើងរបស់ក្រុមប្រឹក្សាខេត្ត ត្រូវអនុវត្តឲ្យខាងតែបាន ចំពោះបុគ្គលណា ដែលបំពានឈួសឆាយយកដីទីទួលបុរាណដ្ឋានធ្វើជាកម្មសិទ្ធិរបស់ខ្លួន និងការបំផ្លាញធនធានធម្មជាតិធ្វើឲ្យប៉ះពាល់ដល់ផល ប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក តោ គឹមស៊ាន បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល បានជម្រុញដល់មន្ទីរជំនាញ និងរដ្ឋបាលក្រុង ស្រុក ត្រូវត្រៀមបង្កាក្នុងការចុះជួយអន្តរាគមន៍ នៅតាមតំបន់ជួបគ្រោះរាំងស្ងួត និងធ្វើការស្តារឡើងវិញ នូវអាងទឹក បឹង ត្រពាំង ដែលស្តុបទឹកទុកសម្រាប់ធ្វើការស្រោចស្រព និងប្រើប្រាស់ប្រចាំថ្ងៃ។ លោកក៏បានកោតសរសើរ ចំពោះលទ្ធផលការងារប្រចាំ សីហា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តដែលអនុ-វត្តបានកន្លងមក ព្រមទាំងឲ្យធ្វើការបំពេញបន្ថែមពីលទ្ធផលការងារ និងកែតម្រូវអក្ខរាវិរុទ្ធនៅក្នុងរបាយការណ៍។
លោក អ៉ឹង គឹមលាង បានឱ្យដឹងថា ចំពោះការខ្វះខាតទឹកចំពោះមុខ រដ្ឋបាលខេត្តសៀមរាប បានត្រៀមលក្ខណៈក្នុងការអន្តរាគមន៍ដោះស្រាយ និងបានត្រៀមធ្វើការស្តារ នូវទីតាំងដែលស្តុបទឹកទុកបានជាច្រើនកន្លែង ដើមី្បបង្ការជួយ អន្តរាគមន៍ក្នុងការសង្គ្រោះ គ្រោះរាំងស្ងួត លើផលដំណាំស្រូវ។
លោកអភិបាលរងខេត្ត បានបន្តថា នៅពេលខាងមុខនេះ រដ្ឋបាលខេត្តនឹងធ្វើការស្តារស្ទឹង ចំនួន៣ក្នុងខេត្តសៀមរាប រួមមាន៖ ស្ទឹងរលួស ក្នុងស្រុកប្រាសាទបាគង, ស្ទឹងសៀមរាប និងស្ទឹងពួក ស្រុកពួក ដើម្បីបើកផ្លូវចរន្តទឹកហូរ និងបញ្ជៀសទឹកជំនន់។ ម៉្យាងទៀត ចំពោះជនភៀសសឹក មកដល់ថ្ងៃនេះពួកគាត់បានវិលត្រឡប់ទៅវិញអស់ហើយដែរ។
លោក អ៉ឹង គឹមលាង បញ្ជាក់ថា រដ្ឋបាលខេត្តក៏បានត្រៀមលក្ខណៈរួចរាល់ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាថែរក្សាបរិស្ថាន និងអនាម័យក្នុងក្រុងសៀមរាប ដើម្បីរក្សាគុណតម្លៃជាទីក្រុងប្រវត្តិសាស្ត្រ ដើម្បីទាក់ទាញទេសចរ៕




















