FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប ចាប់ផ្ដើមចែកចាយលិខិតអញ្ជើញអ្នកបោះឆ្នោតជាង ១០លានសន្លឹក សម្រាប់បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥

07-09-2026 15:23

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ដើម្បីឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត អាចប្រព្រឹត្តទៅបានដោយជោគជ័យ និងទាន់ពេលវេលា គ.ជ.ប បានផលិតលិខិតអញ្ជើញអ្នកបោះឆ្នោតចំនួន​១០,១៦២,២៣២សន្លឹក ស្មើនឹងចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥។

ប្រធាន គ.ជ.ប បានបញ្ជាក់ថា ចំពោះដំណើរការនៃការផ្ដល់លិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ នៅតាមភូមិក្នុងឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

ការឱ្យដឹងបែបនេះរបស់លោក ប្រាជ្ញ ចន្ទ បានធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងឱកាសលោកអញ្ជើញបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីប្រកាសបើកដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

លោកបានថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ គឺជាឆ្នាំទីដប់មួយហើយ ចាប់តាំងពី គ.ជ.ប បានរៀបចំការចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ តាមប្រព័ន្ធកុំព្យូទ័រ ដោយប្រើប្រាស់ប្រព័ន្ធជីវមាត្រ (Biometric System) សម្រាប់ដៅសម្គាល់ទិន្នន័យអត្តសញ្ញាណដែលមានតែមួយគត់សម្រាប់អ្នកបោះឆ្នោតម្នាក់ៗ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតកាន់តែមានគុណភាពខ្ពស់ មានភាពពេញលេញ មានភាពត្រឹមត្រូវ មានសុវត្ថិភាព និងមានបច្ចុប្បន្នភាព សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ហើយថាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺសំដៅដល់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ មិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ (អ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) និងប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។

លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ជូនអំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រថា ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ គឺជាការចាំបាច់ណាស់ ពីព្រោះជាលក្ខណៈធម្មជាតិក្នុងរយៈពេល ១០ឆ្នាំ ភិនភាគរបស់មនុស្សយើងតែងតែមានភាពប្រែប្រួលមួយចំនួន ដូចជាមុខពិតចាស់ជាងមុន និងខ្ចៅដៃសឹកជាដើម ដែលនាំឱ្យមានភាពប្រែប្រួល ឬខុសពីទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត ដែលអ្នកបោះឆ្នោតបានចុះឈ្មោះកាលពី ១០ឆ្នាំមុន។ បញ្ហានេះអាចនាំឱ្យមានការពិបាកក្នុងការកំណត់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត ហើយអាចឈានដល់ការប៉ះពាល់សិទ្ធិបោះឆ្នោតរបស់អ្នកបោះឆ្នោតនៅថ្ងៃបោះឆ្នោត។ នៅក្នុងឆ្នាំ២០២៦នេះ ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតមេដៃ) នឹងត្រូវអនុវត្តចំពោះអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និង២០១៧ ដែលមិនធ្លាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រពីមុនមក។

ជាមួយគ្នានេះដែរ​ លោក ប្រាជ្ញ ចន្ទ បានបកស្រាយ និងពន្យល់បន្ថែមពាក់ព័ន្ធនឹងសំណួរក៏ដូចចម្ងល់របស់ភាគីពាក់ព័ន្ធដែលបានលើកឡើងអំពីអត្ថន័យនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត កាលបរិច្ឆេទនៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ខុសពីកាលបរិច្ឆេទចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ អន្តរជាតិ និងអ្នកសង្កេតការណ៍បោះឆ្នោត ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ការផ្លាស់ប្តូរលំនៅឋាន ឬទីសំណាក់ទៅឃុំ សង្កាត់ថ្មី ការចុះឈ្មោះ និងការទទួលស្គាល់អ្នកសារព័ត៌មាន និងអ្នកសង្កេតការណ៍បោះឆ្នោត ផ្ទៃរូបថតរបស់បេក្ខជនដែលត្រូវយកសម្រាប់ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ។

លោក ប្រាជ្ញ ចន្ទ បានអំពាវនាវដល់ភាគីពាក់ព័ន្ធរួមមាន ប្រជាពលរដ្ឋ គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ សូមចូលរួមសហការ បំពេញការងារតាមតួនាទីរបស់ខ្លួន ជួយផ្សព្វផ្សាយជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយប៉ុន្តែបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលទៅឃុំ សង្កាត់ថ្មី សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ គឺថតរូប និងផ្តិតម្រាមដៃរបស់ខ្លួនឱ្យបានគ្រប់ៗគ្នា។ ឯកឧត្ដម ក៏បានអំពាវនាវផងដែរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាចូលរួមសហការថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីធានាសុវត្ថិភាពក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងសូមជួយសម្រួលបែបបទ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការចេញឯកសារជូនពួកគាត់ សម្រាប់ប្រើប្រាស់ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៕