ប្រធានយុវជនគណបក្សស្រុកព្រៃកប្បាស ជំរុញយុវជនឱ្យអភិវឌ្ឍសមត្ថភាព និងចាប់យកជំនាញច្បាស់លាស់
07-09-2026 15:02
(តាកែវ)៖ លោក គិន ភក្តី សមាជិកគណៈកម្មាធិការគណបក្សខេត្តតាកែវ និងជាប្រធានយុវជនគណបក្សស្រុកព្រៃកប្បាស បានណែនាំដល់យុវជនគណបក្សទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងអភិវឌ្ឍសមត្ថភាពខ្លួនឯង តាមរយៈការចាប់យកជំនាញច្បាស់លាស់មួយ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
ការណែនាំនេះធ្វើឡើងនៅក្នុងឱកាសពិធីជួបសំណេះសំណាល ប្រគល់ភារកិច្ច តែងតាំង និងកែសម្រួលសមាសភាពយុវជនគណបក្សប្រជាជនកម្ពុជាស្រុកព្រៃកប្បាស កាលពីរសៀលថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក គិន ភក្តី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយុវជនគណបក្សស្រុកព្រៃកប្បាស ដែលមានសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ល្អៗ ព្រមទាំងបានស្ម័គ្រចិត្តលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ដើម្បីចូលរួមបំពេញការងារយុវជន និងលើកកម្ពស់ជំនឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។
លោកក៏បានអំពាវនាវដល់យុវជនគណបក្សនៅគ្រប់មូលដ្ឋានភូមិ និងឃុំ ត្រូវធ្វើការជាមួយគ្នាដោយស្មាគៀកស្មា ក្នុងលក្ខណៈជាបងប្អូន និងត្រូវចងចាំជានិច្ចនូវបណ្តាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល គឺការគោរពវិន័យ ការបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គីភាពផ្ទៃក្នុង កិច្ចសហប្រតិបត្តិការល្អ និងមានសីលធម៌ គុណធម៌ជាប់ខ្លួនជានិច្ច។
ជាមួយគ្នានេះ យុវជនត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗរបស់គណបក្ស រួមមាន សិល្បៈនៃការចែករំលែក យុទ្ធសាស្ត្រឈ្នះ-ឈ្នះ និងគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ»។ ជាពិសេស ត្រូវរួមគ្នាផ្សព្វផ្សាយសមិទ្ធផលធំៗជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា និងត្រូវធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះឧបាយកលលាបពណ៌ និងការចោទប្រកាន់ផ្សេងៗពីសំណាក់ក្រុមជ្រុលនិយម មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងការអភិវឌ្ឍជាតិ៕








